ឯកទេសពិគ្រោះយោបល់ផ្លូវចិត្តដែលមានសញ្ញាប័ត្រពីបរទេស

ការបាក់​ស្បាត (PTSD) ជា​បញ្ហា​ផ្លូវចិត្ត​កំរិតធ្ងន់ ដែល​បណ្តាលមកពី ការជួប​បទពិសោធ​ន៏ ឬ​ការជួប​ប្រទះ​និង​ព្រឹ​ត្ត​ការ​ណ៏​ឬ​ហេតុ​ការ​ណ៏ ប៉ះទង្គិច​ផ្លូវចិត្ត​មួយចំនួន​ដូចជា សោកនាដកម្ម ឬ ព្រឹត្តិការ​ណ៏​ដែល​ធ្វើ​ឲ្យ​រន្ធត់​ជាដើម។ អ្នក​ដែលមាន​ការបាក់​ស្បាត​ជាទូទៅ​តែង​ដិត​ជាប់​ទៅដោយ គំនិត​ភ័យខ្លាច និង​ចងចាំ​មិន​បាត់​អំពី​ព្រឹ​ត្ត​ការ​ណ៏​ដែល​កើតមាន​ចំពោះ​គេ​និង​ស្លុត​អារ​ម្ម​ណ៏។

ដំបូង​ឡើយ​ការបាក់​ស្បាត​ត្រូវបាន​គេ​និយាយ​យោង​ទៅរក ការ​រន្ធត់ ឬ​ការតស៊ូ​និង​ភាព​អស់កម្លាំង ហើយ​ត្រូវបាន​រកឃើញ​ដំបូង​កើតមាន​លើ​ទាហាន​ជើងចាស់​ក្នុង​សង្គ្រាម។ ប៉ុន្តែ​វា​ក៏​អាចជា​លទ្ធផល​ដែល​បណ្តាលមកពី​ការជួប​និង​ឧបទ្ទវហេតុ​រន្ធត់​ផ្សេងទៀត​ផងដែរ។ ទាំងនោះ​រួមមាន​ព្រឹ​ត្ត​ការ​ណ៏​ដូចជាៈ ការចាប់​ជំរិត គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដូចជា គ្រោះថ្នាក់​ចរាចរ​ណ៏  រថយន្ត រថភ្លើង​ជាដើម។ វា​ក៏​អាច​បណ្តាលមកពី​គ្រោះធម្មជាតិ​ផងដែរ​ដូចជាៈ ទឹកជំនន់ គ្រោះ​រញ្ជួយ​ដី ឬ​អាច​បណ្តាលមកពី​ការ​បំពារបំពាន​ហឹ​ង្សា​ដូចជាៈ ការវាយដំ ប្លន់​ទ្រព្យ​សប្ប​ត្តិ  ការរំលោភ​ផ្លូវភេទ ការធ្វើ​ទារុណកម្ម អំពើរ​ហឹ​ង្សា​ធ្ងន់ធ្ងរ ការចាប់​ជា​ឈ្លើយសឹក​ជាដើម។

មនុស្ស​ភាគច្រើន​ដែល​ទទួលរង​ការបាក់​សប្បាត តែងតែ​រស់នៅ​វិលវល់​ក្នុងស្ថានភាព​ប៉ះទង្គិច​ផ្លូវចិត្ត​ដែល​ធ្វើ​ឲ្យ​គេ​សុ​បិ​ន្ត​អាក្រក់​និង​រំខាន​ដោយ​អារ​ម្ម​ណ៏​នឹកឃើញ​ពី​ហេតុ​ការ​ណ៏ ហាក់បីដូចជា​កំពុង​កើតឡើង​នៅ​នឹង​មុខ​ទោះបីជា​ព្រឹ​ត្ត​ការ​ណ៏​ទាំង​នោះបាន​កន្លង​ហួស​ជា​យ៉ូ​រហើយ​ក្តី។ សុ​បិ​ន្ត​អាក្រក់​និង​នឹកឃើញ​ហេតុ​ការ​ណ៏​កើតឡើង​ដ៏ដែលៗនោះ នៅ​វិលវល់ទៅមកៗ ដោយ​គ្មាន​ហេតុផល។គេ​អាច​ជួប​និង​បទពិសោធ​ន៏​គេង​មិនបានការ​ធ្លាក់ទឹក​ចិត្ត មាន​អារ​ម្ម​ណ៏​ស្រ​ងះ​ស្រងោច ឬ​ស្ពឹក និង​ងាយភ្ញាក់ៗស្លន់ស្លោ ។ គេ​អាច​បាត់បង់​ការចាប់​អារ​ម្ម​ណ៏​និងអ្វីៗដែល​គេ​ធ្លាប់​រីករាយ ជាមួយ​ពីមុន​មកហើយ​ងាយ​មាន​អារ​ម្ម​ណ៏​ប៉ះទង្គិច។ ដូចជាៈ គេ​អាច​ឆាប់​ខឹង ច្រងេងច្រងាង​ជាង​មុន ឬ​ជួនកាល​អាច​ប្រើ​ហឹ​ង្សា​ផងដែរ។ ការមើលឃើញ​អ្វីមួយ​ឬ​ព្រឹត្តិការ​ណ៏​ស្រដៀង​ដែល​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ហេតុ​ការ​ណ៏​ពីមុន​អាច​និង​ធ្វើ​ឲ្យ​គេ​កាន់តែ​តាន តឹង​កាន់តែខ្លាំង​ឡើង ហើយ​ដែល​អាចធ្វើ​ឲ្យ​គេ​ព្យាយាម គេច​ចេញពី​កន្លែង​ឬ​ហេតុ​ការ​ណ៏​ទាំងនោះ​ផងដែរ។ ការ​ប្រារ​ព​បុណ្យខួប​នៃ​ហេតុ​ការដែល​កើតឡើង​ចំពោះ​គេ​គឺជា​រឿង​ពិបាកធ្វើ​និង​ពិបាក​ចូលរួម​បំផុត។

ការបាក់​ស្បាត​អាច​កើតមាន​គ្រប់​វ័យ​រួមទាំង​ក្មេងតូចៗផងដែរ។ ការបាក់​ស្បាត​នេះ​អាច​កើតឡើង​អម​ជាមួយនិង​បញ្ហា​មួយចំនួនទៀត​ផងដែរ​ដូចជា ការធ្លាក់​ទឹកចិត្ត ការប្រើប្រាស់​សារធាតុ​ញៀន​ឬ​ការ​ថប​បារ​ម្ម​ណ៏។ ក្នុង​កំរិត​ស្រាល សញ្ញាណ​បង្ហាញថា​អ្នក​ទទួលរង​ការបាក់​ស្បាត​អាចមាន​ដូចជា ងាយ​ខឹង ឆេវឆាវ និង​ងាយ​ប្រើ​ហឹ​ង្សា។ ក្នុងករណី​ធ្ងន់ធ្ងរ គេ​អាចមាន​បញ្ហា​និង​ការធ្វើការងារ ឬ​ការចូលរួម​សកម្មភាព​សង្គមផ្សេងៗផងដែរ។ ជាទូទៅ​អ្នក​ទទួលរង​ការបាក់​ស្បាត ងាយ​និង​ធ្លាក់​ទៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បើសិនជា​គ្រោះថ្នាក់​នោះ​បណ្តាលមកពី​មនុស្ស​ជា​អ្នកធ្វើ​ដូចជា ការធ្វើឃាត ការធ្វើ​ទារុណកម្ម​និង​ការរំលោភ​ផ្លូវភេទ​ជាដើម។

ព្រឹត្តិការ​ណ៏ធម្មតាៗ អាចជា​ការធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​បាក់ស្បាត​រួចហើយ​ងាយ​នឹកឃើញ​ហេតុ​ការ​ណ៏​ពីមុន​ដែល​កើតឡើង​ចំពោះ​គេ។ ការនឹកឃើញ​ហេតុ​ការ​ណ៏​ឡើងវិញ ធ្វើ​ឲ្យ​អ្នកមាន​ការបាក់​ស្បាត​មាន​អារ​ម្ម​ណ៏​ថា​គេ​ហាក់​កំពុងស្ថិត​នៅក្នុង​ព្រឹត្តិការ​ណ៏​ដែល​កើត​ចំពោះ​គេដដែលៗ និង​ហាក់បីដូចជា​ព្រឹត្តិការ​ណ៏​នោះ​មិនទាន់​ចប់​នៅឡើយ។ ការនឹកឃើញ​ពី​ព្រឹត្តិការ​ណ៏​ឡើងវិញ​អាច​កើតមាន​ក្នុង​ទំ​រង​ជា​រូបភាព សម្លេង ក្លិន រសជាតិ ឬ​អារ​ម្ម​ណ៏ ដែល​ហេតុ​ការ​ណ៏​នេះ​ធ្វើ​ឲ្យ​គេ​ជឿថា ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​នោះ​នៅតែ​កើតមាន​ជានិច្ច។

តើ​អ្វី​ទៅ​ដែល​បណ្តាល​ឲ្យ​មានការ​បាក់ស្បាត?
ការបកស្រាយ​អំពី​ការបាក់​សប្បាត​ជាបឋម ផ្តោតទៅលើ​ផ្លូវចិត្ត ដែល​ប៉ះពាល​ដោយសារ​បទពិសោធ​ន៏​ពី​ព្រឹត្តិការ​ណ៏​ដែល​នាំ​ឲ្យ​ប៉ះពាល​ផ្លូវចិត្ត។ តាម​ទ្រឹស្តី​គឺ​ផ្តោត​ខ្លាំង​តែ​ទៅលើ​ការប៉ះទង្គិច​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ ចិត្ត(សតិ) របស់​អ្នកនោះ​មិនអាច​ដំណើរការ​ទៅបាន​ប្រក្រតី​ដូច​មុន​ទៀត​ទេ។ វា​ហាក់បីដូចជា​អារ​ម្ម​ណ៏ និង​ចិត្តគំនិត​របស់គេ ជាប់គាំង​ត្រឹម​ឧ​ប​ទ្ទ​ហេតុដែល​បានកើត​ឡើង និង​បន្ទាប់មកទៀត​វា​បាន​ដិត​ជាប់​ក្នុង​ញ្ញាណ​របស់គេ ដែល​បណ្តាល​ឲ្យ​គេ​ជាប់​ក្នុង​ទុក្ខសោក​ជានិច្ច។

ជា​កត្តា​ចិត្តសាស្ត្រ​ការប៉ះទង្គិច​ផ្លូវចិត្ត​គឺអាច​ទាក់ទង​ទៅ​និង​ការធ្លាកចុះ​គុណ​តម្លៃ (ធ្លាក់ចុះ​ការ​ឲ្យ​តម្លៃ​ខ្លួនឯង) អ្នក​ដែល​ឲ្យ​តម្លៃ​ខ្លួន​ទាប​អាច​ងាយ​ប្រឈមមុខ​និង​ការបាក់​ស្បាត​នៅពេលដែល​គេ​ជួប​និង​ព្រឹត្តិការ​ណ៏​រន្ធត់​ណាមួយ។ ក្រោយពី​ព្រឹត្តិការ​ណ៏​នោះគេ​អាច​គិតថា​គេ​អ​សម្ថ​ភាព​ប្រឈម​និង​បញ្ហា ។ ឧ​ទា​ហរ​ណ៏​ថា ស្ត្រី​ម្នាក់​ដែល​គិតថា​គាត់​ជាម​នុស្ស​មិនបានការ តែងតែ​មិនសូវ​យកចិត្តទុកដាក​និង​ខ្លួនឯង។ នៅពេល​គាត់​ប្រឈមមុខ​និង​ការរំលោភបំពាន​ផ្លូវភេទ គាត​អាចមាន​អារ​ម្ម​ណ៏​ថា​ខ្លួន​គាត់​កាន់តែ​មិន​ស្អាតបាត ប្រឡាក​ប្រឡូក​និង​រា​ង្គ​កាយ​ជនល្មើស ការឈឺចាប់ កា​បាត់បង​តម្លៃ​ក្នុងសង្គម និង​ក្រោយមកទៀត​វា​ចេះតែធ្វើ​ឲ្យ​គាត់​នឹកឃើញ​ហេតុ​ការ​ណ៏​ទាំងនោះ​ជានិច្ច​ហើយ​សញ្ញាណ​នៃ​ការបាក់​ស្បាត​អាច​លេច​ឡើងជា​បន្តបន្ទាប់។

ជាងនេះទៅទៀត​ការសិក្សាថ្មីៗ អំពី​រច្ចនា​សម្ពន្ធ​ខួរក្បាល បាន​រកឃើញថា​សម្ព័ន្ធ​ខួរក្បាល និង​សារ​ធាតុគីមី​ក្នុង​ខួរក្បាល​បានផ្តល់​ពន្លឺ​ដល់​អ្នកវិទ្យាសាស្ត្រ​អំពី​ព័ត៌មាន​ថា តើ​ខួរក្បាល​និង​ចិត្តគំនិត​មាន​ទំនាក់ទំនង​យ៉ាងណា​និង​ការវិវត្ត​ន៏​នៃ​បញ្ហា​បាក់ស្បាត។ ការសិក្សា​អំពី​រច្ចនាសម្ព័ន្ធ​ខួរក្បាល​ក្នុងពេលថ្មីៗនេះ​បាន​រកឃើញថា​មាន​ចំណែក​ពីរ​ផ្នែក នៃ​ខួរ​ក្បាលមាន​ទាក់ទង​និង​ការបាក់​ស្បាត​របស់​មនុស្ស​គឺ អា​មី​ដា​ឡា (amygdala) និង ហ៊ី​ប៉ូ​កាំ​ពើ​ស (hippocampus)។ ប្រព័ន្ធ​អា​មី​ដា​ឡា មាន​ទំនាក់ទំនង​ទៅ​និង​ការភ័យខ្លាច​របស់​យើង។ គេ​បាន​រកឃើញ​ភស្តុតាង​បញ្ជាក់ថា​អ្នក​ដែលមាន​ការបាក់​សប្បាត​ប្រព័ន្ធ​អា​មី​ដា​ឡា​នៅក្នុង​ខួរក្បាល​មាន​សកម្មភាព​កើន​ធ្វេ​ដង។ ទាំងនេះ​សរ​បញ្ជាក់​ឲ្យ​ដឹងថា​វា​ជាស​ញ្ញាណ​អាស​ន្ត​មួយ​ថា​អ្នកមាន​ការបាក់​សប្បាត។ឯ​ប្រព័ន្ធ​ហ៊ី​ប៉ូ​កាំ​ពើ​សមាន​ការទាក់ទង​ទៅ នឹង​ប្រព័ន្ធ​ចងចាំ​របស់​អ្នក​បាក់សប្បាត។ មាន​ផ​ស្តុ​តាង​បញ្ជាក់ថា​អ្នក​ដែលមាន​ការបាក់​ស្បាត​មានការ​ធ្លាក់ចុះ​នូវ​ប្រព័ន្ធ​ចងចាំ។ វា​អាច​បង្ហាញថា ប្រព័ន្ធ​ចងចាំ​របស់គេ​មានការ​ធ្លាក់ចុះ​នៅពេលដែល​គេ​មានការ​បាកស្បាត។

ការសិក្សា​មួយទៀត ដែល​ផ្តោតទៅលើ​ដំណើរការ​នៃ​ជាតិគីមី​ក្នុង​ប្រព័ន្ធ​ប្រសាទ​ដែល​អាចមាន​ជាប់ទាក់ទង​ទៅ​និង​ការបាក់​ស្បាត​ផងដែរ។ ភស្តុតាង​បង្ហាញថា ប្រព័ន្ធ​អក​ម៉ូ​ន​ស្នូល​មួយ​ប្រភេទ​ដែល​គេ​ហៅថា hypothalamic-pituitary-adrenal (HPA) មានការ​រំខាន​ខ្លាំង​សំរាប់​អ្នក​ដែលមាន​ការបាក់​ស្បាត។ ប្រព័ន្ធ​មួយ​នេះ​ជាទូទៅ​មានការ​ទាក់ទង​និង​សកម្មភាព​ឆ្លើយតប​ទៅនឹង​ការតានតឹង​ចិត្ត (stress)។ ជាថ្មី​ម្តងទៀត​ការរំខាន​ទាំងនេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា​ប្រព័ន្ធ​អក​ម៉ូ​ន HPA ត្រូវបាន​រំខាន​សំរាប​អ្នក​ដែលមាន​ការបាក់​ស្បាត។

ចុងបញ្ចប់ យើង​អាច​និយាយបានថា​ការ​ប៉ាន​ប្រមាណ​អំពី​ការវិវត្ត​ន៏​នៃ​ការបាក់​ស្បាត​គឺ​ទាក់ទង​ទៅ​និង​កត្តា​ចិត្តសាស្ត្រ​និង​ការផ្លាសប្តូរ​សារធាតុ​គីមី​ក្នុង​ប្រព័ន្ធ​ប្រសាទ​ចំពោះ​អ្នក​ដែល​ប្រឈមមុខ​និង​ព្រឹត្តិការ​ណ៏​ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​ផ្នែក​ផ្លូវចិត្ត ។

សញ្ញាណ​នៃ​ការបាក់​ស្បាត
មាន​សញ្ញាណ​បីធំៗដែល​គេ​អាច​ដឹង​អំពី​អ្នកមាន​ការបាក់​ស្បាត។ ទាំងនោះ​រួមមាន​ការធ្វើ​ឲ្យ​នឹកឃើញ​ពីបទ​ពិសោធ​ន៏​ឈឺចាប់ ការព្យាយាម​គេចចេញ​ពី​បញ្ហា និង​ការកើនឡើង​នៃ​ការ ភ័យខ្លាច​មិន​ស្ងប់​អារ​ម្ម​ណ៏​ជាដើម។ សញ្ញាណ​ទាំងនោះ​រួមមាន​ដូចជាៈ

• ចេះតែ​នឹកឃើញ​អំពី​ហេតុ​ការ​ណ៏​ទាំងនោះ​ឡើងវិញ។
• សុ​បិ​ន្ត​ឃើញ​អំពី​ហេតុ​ការ​ណ៏​ហាក់បីដូច​កំពុងតែ​កើតឡើង។
• បង្ហាញ​សកម្មភាព​ឬ​មាន​អារ​ម្ម​ណ៏​ហាក់បីដូចជា​ព្រឹត្តិការ​ណ៏​កំពុងតែ​កើតឡើង។
• មិន​ស្រួល​ចិត្ត​ឬ​មាន​បញ្ហាលំបាក​ខាង​រាងកាយ​ពេល​និយាយ​អំពី​ហេតុ​ការ​ណ៏​ដែល​បាន​កើតឡើង​ចំពោះ​គេ(ឧ​ទា​ហរ​ណ៏ ការចូលរួម​ប្រា​រព​ពិធី​រំលឹក​អំពី​ហេតុ​ការ​ជាដើម)។

សញ្ញា​នៃ​ការព្យាយាម​គេចចេញ​ពី​បញ្ហា គឺ​បុគ្គល​ដែលមាន​ការបាក់​ស្បាត​ព្យាយាម​គេចចេញ​ពីអ្វី​គ្រប់យ៉ាង ដែល​អាចមាន​ការទាក់ទង និង​ធ្វើ​ឲ្យ​គេ​នឹកឃើញ អំពី​ហេតុ​ការ​ណ៏​នោះ។ ឧ​ទា​ហរ​ណ៏ៈ​អ្នក​ដែល​ជួប​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​ធ្ងន់ធ្ងរ អាច​នឹង​ព្យាយាម​ឈប់​ជិះ​លើ​ដងផ្លូវ​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​នោះ​រហូត។ សញ្ញាណ​ទាំងនោះ​អាច​រួមមាន ដូចជា​មាន​អារ​ម្ម​ណ៏​ស្លុត ដែលជា​ទូទៅ​កើតមាន​ចំពោះ​អ្នក​ដែលមាន​ការគំរាមកំហែង​ដល់​អាយុជីវិត។សញ្ញាណ​នៃ​ការព្យាយាម​គេចចេញ​ទាំងនោះ​រួមមានៈ
• គេច​ចេញពី​ការគិត ឬ​អារ​ម្ម​ណ៏ ឬ​ពី​បុគ្គល​ឬ​ពី​ស្ថានភាព (អ្វីៗគ្រប់យ៉ាង​ដែល​ធ្វើ​ឲ្យ​គេ ចងចាំ)ដែល​ទាក់ទង​និង​ហេតុ​ការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត។
• មិនអាច​នឹកឃើញ​ទាំងស្រុង​អំពី​ចំណុចសំខាន់ៗនៃ​ហេតុ​ការ​ណ៏​ដែល​នាំ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត។
• ថយចុះ​នូវ​ចំណាប់​អារ​ម្ម​ណ៏​ក្នុង​ការចូលរួម​សកម្មភាពផ្សេងៗនៅក្នុង​សង្គម។
• មាន​អារ​ម្ម​ណ៏​ថា​ដាច់​ទំនាក់ទំនង​និង​សង្គម​ខាងក្រៅ​ឬ​និង​មិត្ត​ជិតស្និត។
• បង្ហាញ​ចេញ​នូវ​ដែន​កំណត់​ក្នុង​ការបញ្ចេញ​អារ​ម្ម​ណ៏​រំជួលចិត្ត។
• បង្ហាញ​អំពី​អារ​ម្ម​ណ៏​ថា​គ្មាន​អនាគត (មិន​សង្ឃឹមថា​និង​មាន​អនាគត​វែងឆ្ងាយ​និង​គេ)។

សញ្ញាណ​នែ​ការកើនឡើង​ការភ័យខ្លាច និង​មិន​ស្ងប់​អារ​ម្ម​ណ៏​វា​មាន​លក្ខណ​ប្រហាក់ប្រហែល​ទៅ​និង​អ្នកមាន​ការ​ថប់​បារ​ម្ម​ណ៏​ឬ​អ្នក​រន្ធត់ចិត្ត​ផងដែរ។ ទាំងនោះ​រួមមានៈ
• បញ្ហាលំបាក់​ក្នុងការ​ផ្ចង់​អារ​ម្ម​ណ៏
• មានការ​ប្រុងប្រយ័ត្ន​និង​បារ​ម្ម​ណ៏​ជានិច្ច​ថា​ហេតុ​ការ​ណ៏​ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​និង​កើតឡើង​ម្តងទៀត។
• មានចិត្ត​ស្រាល​និង​ងាយ​ផ្ទុះ​កំហឹង។
• មានការ​លំបាក​កេង​ឬ​គេង​មិន​សុខ​ស្រួល។
• ងាយ​ភ្ញាក់ភ័យ។

ការលំបាក់​ក្នុងការ​វិនិច្ឆ័យ​អំពី​ការបាក់​ស្បាត
ការវិនិច្ឆ័យ​ថា​អ្នកណាម្នាក់​មានការ​បាក់​ស្បាត (PTSD) វា​គឺជា​រឿង​ពិបាក​ព្រោះថា​ការបាក់​ស្បាត់​គឺ​មិន​ងាយ​និង​សំគាល់​បានស្រួលៗនោះទេ។ ការបាក់​ស្បាត​គឺជា​បញ្ហា​ផ្លូវចិត្ត​ដែលមាន​លក្ខណពិសេស និង​ដោយឡែក​ពី​គេ ដែល​ការវិនិច្ឆ័យ ត្រូវធ្វើឡើង​មិន​ត្រឹមតែ​សញ្ញាណ​នៃ​បញ្ហា​ប៉ុណ្ណោះ​នោះទេ​គឺ ត្រូវ​ដឹង​អំពី​មូលហេតុ​ឬ​ហេតុ​ការ​ណ៏ ដែល​បាន​កើតឡើង​ចំពោះ​អ្នកមាន​បញ្ហា​ផងដែរ។ ការសួរនាំ​អំពី​ហេតុ​ការ​ណ៏​ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​ផ្លូវចិត្ត​អាចជា​ការ​ដាស់​អារ​ម្ម​ណ៏​អ្នកមាន​បញ្ហា​ឲ្យ​នឹកឃើញ​ហេតុ​ការ​ណ៏​ឡើងវិញ និង​បង្កើន​ការឈឺចាប់ និង​ធ្វើ​ឲ្យ​កាន់​តែមាន​បញ្ហា​ទ្វេ​ឡើង។ អ្នកមាន​បញ្ហា​ជាទូទៅ​ព្យាយាម​គេចចេញ​មិន​និយាយ​អំពី​ហេតុ​ការ​ណ៏​ទាំង​នោះឡើយ។

នៅពេលដែល​បុគ្គល​ដែលមាន​បញ្ហា​មិន​ព្រម​ឬ​មិនមាន​ចេតនា​ក្នុងការ​និយាយ​អំពី​ហេតុ​ការ​ណ៏​ដែល​បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច​ផ្លូវចិត្ត​នោះទេ ការវិនិច្ឆ័យ​ក៏​មិនអាច​ធ្វើទៅបាន​នោះដែរ។ ឧ​ទា​ហរ​ណ៏ៈ ករណី​រំលោភ​ផ្លូវភេទ ឬ អំពើ​ហឹ​ង្សា​ក្នុង​គ្រួសា​ជាដើម វា​ជា​រឿង​ដែល​អ្នកមាន​បញ្ហា​មិន​ងាយ​និង​និយាយ​ចេញ​នោះឡើយ។ ជាងនេះទៅទៀត អ្នក​ដែលមាន​បញ្ហា​បាក់     សប្បាត​គឺជា​ទូទៅ​តែងតែមាន​បញ្ហា​ចិត្តសាស្ត្រ​មួយចំនួន​រួមផ្សំ​ផងដែរ។ រួមមាន​ដូចជា​ការធ្លាក់​ទឹកចិត្ត ឬ ការប្រើប្រាស់​សារធាតុ​ញៀន​ជាដើម។ បញ្ហា​ចិត្តសាស្ត្រ​ទាំងនោះ​គឺមាន​សញ្ញាណ​ប្រហាក់ប្រហែល​ទៅ​និង​អ្នកមាន​បញ្ហា​បាក់ស្បាត​ផងដែរ ដែល​ធ្វើ​ឲ្យ​ការវិនិច្ឆ័យ​កាន់តែ​មានការ​លំបាក។
 

ការព្យាបាល
មាន​ពីរ​វិធី​ក្នុងការ​ព្យាបាល​អ្នក​ដែលមាន​ការបាក់​ស្បាត​គឺ​ការពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត​ដែល​ភាសា​អង់គ្លេស​ហៅថា (Counseling or psychotherapy) និង​មួយទៀត​គឺ​ការប្រើប្រាស់​ថ្នាំ។ ដូច​មាន​ជុំរាបជូន​ជាមួយ​អត្ថបទមុនៗមក​ដែល​ខ្ញុំ​បាន​បកស្រាយ ការប្រើប្រាស់​ថ្នាំ​គឺ​តែងតែមាន  ផល់វិបាក​របស់​វា។ ការប្រើប្រាស់​ថ្នាំ​គួរ​ជា​ជម្រើស​ចុងក្រោយ​សំរាប់​អ្នកមាន​បញ្ហា​ផ្លូវចិត្ត​មិនថាតែ​អ្នកមាន​បញ្ហា​ការបាក់​ស្បាត​នោះទេ។

ការពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត​សំរាប់​អ្នកមាន​ការបាក់​ស្បាត អាចធ្វើ​ឡើងជា​មួយ​អ្នកជំនាញ​ចិត្តសាស្ត្រ​ខាង​ការពិគ្រោះ​យោបល់​ផ្នែ​ល​ផ្លូវចិត្ត​នេះ​តែម្តង ។ មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​អ្នកជំនាញ​អាចអនុវត្ត​ន៏​បាន​តាម​ការយល់ដឹង និង​បទ​ពី​សោធ​ន៏​របស់​អ្នកជំនាញ​ទាំងនោះ។ ជាទូទៅ​ការពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត អាចធ្វើ​ឡើងជា​លក្ខណ​បុគ្គល​ឬ​ជា​ក្រុម។ វិធីសាស្ត្រ​ដែល​គេ​ឃើញ​ប្រើ​និង​និយម​ប្រើ​ញឹកញាប់​នៅ​ស្រុក​ខ្មែរ​មានដូចជា CBT, REBT and TF-CBT ជាដើម។

ការប្រើប្រាស់​ថ្នាំ គឺជា​ជំរើស​មួយ​ដែល​អ្នកមាន​ការបាក់​ស្បាត​អាច​ស្វែងរក​ជំនួយ​នៅពេល​មាន សភាព​ធ្ងន់ធ្ងរ។ ប៉ុន្តែ​ការប្រើប្រាស់​ថ្នាំ​មិនគួរ​ជា​ជំរើស​ទីមួយ​ចំពោះ​អ្នកមាន​បញ្ហា​ផ្លូវចិត្ត​ឬ​មាន​វិ​ប​ត្ត​ផ្លូវចិត្ត​នោះទេ។ វា​គួរតែ​ជា​ជំរើស​ចុងក្រោយ​នៅពេលដែល​លទ្ធភាពផ្សេងៗទៀត​ត្រូវបាន​ប្រើ​អស់​តែ​នៅតែ​ពុំមាន​ការរីកចំរើន។ ការប្រើប្រាស់​ថ្នាំ​គ្រប់​ប្រភេទ​គួរតែ​មានការ​ពី​គ្រោះ​ពី​គ្រូពេទ្យ​ចិត្ត​វិកល​ឬ វិ​ជ្ជ​បណ្ឌិត​ចិត្ត​វិកល​ជាមុនសិន។


រៀបរាង​ដោយៈ លោក ហឿ សេ​ធុល (M.A in Counseling/psychotherapy)

ឯកសារពិគ្រោះ

Francese, A; First, M; Pincus, H (2005). DSM-IV Guidebook. The Essential Companion to the Diagnostic and Statistical Manual of Mental Disorders, (4th edition). American Psychaitric Press, Inc. Washington, DC London , England.

Cohen, H. (2006). What Causes PTSD?. Psych Central. Retrieved on May 19, 2012, from http://psychcentral.com/lib/2006/what-causes-ptsd/

      ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
      ទំនាក់ទំនងៈ
      ទូរ​សព្ទៈ 088  9040004

វីដែអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 00047
សប្តាហ៏នេះ: 00205
សរុប: 29469

Copyrights © 2020 by Khmer Counseling Psychology Services. All rights reserved.
Designed & Hosted by Serving Web Solution.