ឯកទេសពិគ្រោះយោបល់ផ្លូវចិត្តដែលមានសញ្ញាប័ត្រពីបរទេស

បញ្ហា​ដំណេក​ឬ​ការ​គេង​មិន​លក់ មាន​ផលប៉ះពាល់​ដល់​មនុស្ស​ជាច្រើន ដែល​យើង​ស្មាន​មិន​ដល់។ មាន​មនុស្ស​យាង​តិច ២០%  ឬ លើសពីនេះ​ដែល​ទទួលរ​ង​ការប៉ះពាល់​ដំណេក​ឬ​ក​គង​មិន​លក់​នៅ​សហរដ្ឋអាមេរិក។ នៅក្នុង​ប្រទេស​កម្ពុជា ពុំមាន​ស្ថិតិ​ណា​បង្ហាញថា មាន​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​ប្រឈម​និង​បញ្ហា​ដំណេក ឬ​ការ​គេង​មិន​លក់​នោះទេ។  តាម​កា​រស​និ្ន​ដ្ឋា​ន​មាន​មនុស្ស​យ៉ាងច្រើន ប្រឈម​និង​វិ​ប​ត្ត​ដំណេក​ឬ​ការ​គេង​មិនបាន​នេះ។ មាន​មនុស្ស​មិនតិច​ទេ​បាន​រអ៊ូរទាំ​អំពី​បញ្ហា​ការ​គេង​មិនបាន​ម្តងម្កាល និង​មួយចំនួនទៀត​បានបង្ហាញ​ថា​គេង​មិនបាន​ជាច្រើន​ថៃ្ង​មកហើយ។ ការ​គេង​មិនបាន​គ្រប់គ្រាន់ នាំ​ឲ្យ​មាន​ផលប៉ះពាល់ និង​ការរំខាន​ជាច្រើន ទៅលើ​កិច្ចការ​ប្រចាំ​ថៃ្ង ការបើកបរ និង​កិច្ចការ​សង្គម​មួយចំនួន។ យោងតាម​សៀវភៅ DSM-IVTM  បញ្ហា​ដំណេក​និង​ការ​គេង​មិន​លក់​មាន​បែងចែក​ដូចតទៅៈ 

1. បញ្ហា​ដំណេក​កំរិត​បឋម (Primary Sleep Disorders) ។
2. បញ្ហា​ដំណេក​ដោយ​មូលហេតុ​មាន​វិ​ប​ត្ត​ផ្លូវចិត្ត(Sleeping Disorders Related to Another  Mental Disorder) ។
3. បញ្ហា​ដំណេក​ដោយ​មូលហេតុ​ការប្រើប្រាស់​ថ្នាំ (Sleep Disorder Due to a General Medical Condition) ។
4. បញ្ហា​ដំណេក​ដោយ​មូលហេតុ​ការប្រើប្រាស់​សារធាតុ​ញៀន(Substance-Induced Sleep Disorder) ។

1. បញ្ហា​ដំណេក​កំរិត​បឋមៈ
ជា​បញ្ហា​ដែលជា​ធម្មតា​កើតមាន​ចំពោះ​មនុស្ស​ទូទៅ​ភាគច្រើន តែ​មិនមាន​ភាព​ធ្ងន់ធ្ងរ​ពេក​នោះទេ ។ ប៉ុន្តែ​វា​មានការ​រំខាន​មួយចំនួន​ផងដែរ។ បញ្ហា​ដំណេក​កំរិត​បឋម​ត្រូវបាន​បែង​ចែកចេញជា​ពីរ​ទៀត ដែលមាន​ដូចជាៈ

a. ប្រភេទ​ទីមួយៈ ដែល​ហៅថា (Dyssomnias)  ការ​គេង​មិន​លក់​នៅក្នុង​កម្រិត​ណាមួយ​ឬ​ចំនួន​កំណត់​ណាមួយ ពេលវេលា​ជាក់លាក់​ណាមួយ ឬ គុណភាព​នៃ​ការ​គេង​មិនបាន​ពេញភ្នែក។ ហើយ​ដែល​កើតមាន​ជាច្រើន​រូបភាព​មានដូចជាៈ

• ករណី​គេង​មិន​លក់​ពេល​ដល់​ម៉ោង​គេង ឬ​ពិបាក​គេង​ទៅវិញ​ពេល​ភ្ញាក់​ពាក់កណ្តាល​អា​ធ្រា​ត និង ភ្ញាក់​ពី​ដំណេក​ពេលព្រឹក​ព្រលឹម​ពេក​ដែល​បណ្តាល​ឲ្យ​គេង​មិនបាន​ឆ្អែត ឬ គេង​ដែរ​តែ​ហាក់បីដូចជា​មិនបាន​គេង (ហាក់បីដូចជា​គេង​គ្រប់​ម៉ោង​តែ​ពេល​ក្រោក​ពី​គេង​មាន​អារ​ម្ម​ណ៏​ថា​មិនបាន​គេង​សោះ)។ បញ្ហា​នេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា (Primary Insomnia)។ ក្នុងករណីនេះ​បញ្ហា​នៃ​ការ​គេង​អាច​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជាៈ អនាម័យ​មិនបាន​ស្អាតបាត​ឬ​បរិយាកាស​មិនល្អ​នៅ​កន្លែង​គេង ឬ​ធ្វើ​ការងារ​រហូត​យប់​ជ្រៅ​ពេក​ទើប​ចូល​គេង ការធ្វើ​លំ​ហាត់ប្រាណ​ហួសកំលាំង​ក៏​អាចរួមចំណែក​ផងដែរ ការ​គេង​ថ្ងៃ​ច្រើន​ហួសប្រមាណ ឬ បណ្តាលមកពី​ពេលវេលា​នៃ​ការចូល​គេង​មិន​ទៀងទាត់​ជាដើម។

• ករណី​ចេះតែ​ងងុយគេង​ទាំង​ថ្ងៃ ដែលជា​ទូទៅ​កើតឡើង​ចំពោះ​អ្នក​ដែល​មិនបាន​គេង​គ្រប់គ្រាន់​នៅពេល​យប់​ឬ​មាន​សកម្មភាព​ច្រើនពេក​នូវ​ពេលយប់ (Primary Hypersomnia) ។ ករណីនេះ មិនមែន​បណ្តាលមកពី​វិ​ប​ត្ត​ផ្លូវចិត្ត    ឬ​បណ្តាលមកពី​បញ្ហា​ការប្រើប្រាស់​ថ្នាំ​អ្វី​នោះទេ។ មុន​និង​កំណត់ថា​នរណាម្នាក់​មាន​បញ្ហា​នេះ អ្នក​គួរតែ​ស្វែងយល់​ពី​ការ​គេង​របស់គេ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាមុនសិន។ ជាទូទៅ​មនុស្ស​ត្រូវ​ការេ​គង​យ៉ាងតិច៧ម៉ោង​ទៅ៩ម៉ោង​តាម​វ័យ។ កូនក្មេង​ឬ​ទារកតូចៗអាច​ត្រូវការ​គេង​ច្រើនជាង​នេះ ចំណែក​មនុស្ស​ចាស់​មូ​យ​ចំនួន​ពេក​វេលា​គេង​អាច​ត្រូវការ​តិចជាង​ឬ​ប្រហាក់ប្រហែល ៥ម៉ោង​តែប៉ុណ្ណោះ។

• ករណី​ចេះតែ​ចង់​គេង​ថ្ងៃ​ដែល​មិនអាច​អត់ទ្រាំ​បាន (Narcolepsy) ។ ក្រោយពី​បាន​គេង​ថ្ងៃ​ទើប​មាន​អារ​ម្ម​ណ៏​ស្រស់ថ្លា។ ករណីនេះ​អាច​កើតឡើង​ចំពោះ​អ្នក​ទម្លាប់​គេង​ថ្ងៃ ឬ​វា​ក៏​អាច​បណ្តាលមកពី​បញ្ហា​រាងកាយ​មួយចំនួន​ផងដែរ ។ គេ​ជឿថា​វា​អាច     បណ្តាលមកពី​ការតានតឹង​សាចដុំ ឬ ការប្រើ​ខួរក្បាល​ច្រើនពេក​ទៅលើ​ការងារ ឬ     បណ្តាលមកពី​អារ​ម្ម​ណ៏​តានតឹង​មួយចំនួន​ដូចជា​មានការ​ខឹងសម្បា​រ​ច្រើន​ជាដើម ឬក៏​អាច​បណ្តាលមកពី​ការ​គេង​មិន​ឆ្អែត​ដោយ​មូលហេតុផ្សេងៗ ដូចជា​យល់​សុ​បិ​ន្ត​ច្រើន​ជាដើម​នៅពេល​គេង​យប់​ផងដែរ។

• ករណី​គេង​មិនបាន​ដោយ​មូលហេតុ​ទាក់ទង​និង​ខ្យល់​ដង្ហើម ដែល​កំណត់ដោយ​ការខ្វះ​អុកស៊ីហ្សែន​ក្នុង​រាងកាយ (Breathing-Related Sleep Disorder) ។ ជាទូទៅ​អ្នកមាន​បញ្ហា​តែងតែ​រអ៊ូរទាំ​ដោយសារ​ចេះតែ​ងងុយគេង​ពេល​ថ្ងៃជា​ញឹកញាប់ ឬ ការ​គេង​មិនបាន​ស្កប់​នាពេល​យប់​ដូចជា​ចេះតែភ្ញាក់ៗពេលយប់។ ករណីនេះ​ច្រើន​កើតមានឡើង​ជាទូទៅ​ចំពោះ​អ្នក​ឡើង​ទម្ងន់​ហួស​កម្រិត​ឬ​ករណី​អ្នក​ឡើង​ទម្ងន់​ហើយ​ស្រ​ម៉ុក​ជាដើម ដែល​ការដកដង្ហើម​ចេញចូល​ខុស​ប្រក្រតី (ដកដង្ហើមដាច់ៗ ពេល​ដកចេញ​ចូលម្តង)។ ក្នុងករណីនេះ​អ្នក​ដែលមាន​បញ្ហា​មិនដឹងថា​ខ្លួន​មាន​បញ្ហា​នោះទេ ។ ជាការ​ល្អ​អាច​សួរនាំ​ពី​សមាជិកគ្រួសារ​ណា​ម្នាក់​ដែល​ដឹង​រឿង​ពី​ការ​គេង​របស់គាត់។

• ករណី​ចេះតែ​ងងុយគេង​ឬ​ផ្ទុយ​មកវិញ​គេង​មិនបាន​តែម្តង ឬ​ស្ទើរ​គេង​ស្ទើរ​មិន​គេង (Circadian Rhythm Sleep Disorder) ។ ករណីនេះ​អាច​កើតមានឡើង​ក្នុងករណី​ទាក់ទង​និង​ពេលវេលា​មិនត្រូវ​គ្នា ដូចជា​ករណី​ខុសពេល​វេលា​ដោយ​ការធ្វើដំណើរ​ទៅ​ប្រទេស​ផ្សេង​ដែល​ខុសពេល​គ្នា។ ករណីខ្លះ​ដោយសារ​ការពន្យា​ពេល​ចូល​គេង​ដោយ​មូលហេតុ​ធ្វើ​កិច្ចការ​រ​ហួត​យប់​ជ្រៅ​ពេក និង​ករណី​ខ្លះទៀត​ដោយសារ​ការ​ផ្តូ​រ​ម៉ោង​ធ្វើ​ការងារ​ជាដើម។

b. ប្រភេទ​ទី​ពី​រៈ
​ដែល​គេ​ឲ្យ​ឈ្មោះថា (Parasomnias) ការ​គេង​មិនបាន​ដោយសារ​មូលហេតុ​ដែល​ប​ណ្តា​ល​មកពី​មានការ​តានតឹង​អារម្មណ៍ ឬ មាន​ហេតុការណ៍​ដែល​បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​ផ្លូវចិត្ត ឬ​អ្នកមាន​បញ្ហា​អាច​ធ្លាប់​ជួបប្រទះ​ព្រឹត្តិការ​ណ៏​ប៉ះ​ទ​ង្កិ​ច​ផ្លូវចិត្ត​ក្នុង​កម្រិត​ណាមួយ ដែល​បណ្តាល​ឲ្យ​គេ​គេង​សុ​បិ​ន្ត​អាក្រក់ មានការ​តក់ស្លុត ភ័យរន្ធត់​និង​គេង​មមើរ​ជាដើម ដែល​អាច​កើតឡើង អំឡុងពេល​គេង​ឬ​អំឡុងពេល​គេង​ស្ទើរ​លក់(រលីវ)ជាដើម ។

• ករណី​គេង​សុ​បិ​ន្ត​អាក្រក់ (Nightmare Disorder) គឺកំណត់​បាន​ដោយ​ករណី​យល់​សុ​បិ​ន្ត​ដែល​ធ្វើ​ឲ្យ​រន្ធត់​ភ័យខ្លាច ដែល​បណ្តាល​ឲ្យ​ភ្ញាក់​ហើយ​គេង​វិញ​មិនបាន។ អ្នក​ដែលមាន​បញ្ហា​សុ​បិ​ន្ត​អាក្រក់​នេះ​ជាទូទៅ​តែងតែ​ភ្ញាក់ និង​នឹកឃើញ​ឡើងវិញ​អំពី​ការយល់​សុ​បិ​ន្ត​នោះ​ទាំងអស់។ ក្នុងករណី​ធ្ងន់ធ្ងរ​អ្នកមាន​បញ្ហា​អាច​និង​ព្យាយាម​ឈប់​គេង​តែម្តង ឬ​ជួនកាល​យល់​សុ​បិ​ន្ត​អាក្រក់​អាច​កើតឡើង​សូម្បីតែ​ពេល​គេង​ស្ទើ​លក់ (រលីវ)។

• ករណី​គេង​ជួប​ការតក់ស្លុត​ឬ​រន្ធត់ (Sleep Terror Disorder) គឺកំណត់​បាន​ដោយ​ការ​គេង​មិន​ប្រក្រតី ភ្ញាក់​ក្រ​ញ៉ា​ង​ដោយសារ​យល់​សុ​បិ​ន្ត​ដែល​ធ្វើ​ឲ្យ​រន្ធត់ ឬ​ស្រែ​កដោយ​ភ័យរន្ធត់​ដែល​អាចមាន​រយះពេលរ​ហូត​ដល់​ទៅ ១ទៅ១០នាទី តែ​ធាតុពិត​អ្នកមាន​បញ្ហា​មាន​លក្ខណ​ស្ទើរ​ភ្ញាក់​ស្ទើរ​គេង។ វា​មាន​លក្ខ​ណះ​ផ្ទុយ​ពី​ការ​គេង​យល់​សុ​បិ​ន្ត អាក្រក់ អ្នកមាន​បញ្ហា​នឹង​ការ​គេង​ជួប​ការ​រន្ធត់​មិន​ងាយ​នឹង​ភ្ញាក់ ឬ​ភ្ញាក់​មិនបាន​តាម​សម្រួល។ គេ​មិនអាច​ចាំ​អំពី​ការ​សុ​បិ​ន្ត​របស់គេ​នោះទេ។

• ការ​គេង​មមើរ (Sleep walking Disorder) ដែល​កំណត់ឡើង​ដោយ​ការលេចឡើង នូវ​អាកប្បកិរិយា​មិន​ប្រក្រតី​យ៉ាង​ស្មុកស្មាញ​ក្នុងពេល​គេង។ ទាំងនោះ​អាច​រួមមាន​ក្រោក​អង្គុយ ឬ​ដើរទៅ​ញាំ​អារ​ហារ និយាយ​តែឯង ឬ​ដើរ​ចុះឡើង​ក្នុងផ្ទះ ឬ ជួនកាល​អាច​ដើរចេញ​ក្រៅ​ផ្ទះ​ពេល​កំពុងតែ​គេង​ជាដើម។

2. បញ្ហា​ដំណេក​ដោយ​មូលហេតុ​មាន​វិ​ប​ត្ត​ផ្លូវចិត្តៈ
ផ្ទុយ​ពី​ករណី​ខាងលើ​ដែល​បញ្ហា​ការ​គេង​ពុំមាន​ទាក់ទង​និង​វិ​ប​ត្ត​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ ករណីខ្លះ​អ្នកមាន​បញ្ហា​រំខាន​ដំណេក​គឺ​បណ្តាលមកពី​អ្នក​កំពុង​ប្រឈមមុខ​និង​វិ​ប​ត្ត​ផ្លូវចិត្ត​មួយចំនួន។ ក្នុងករណីនេះ​ការរំខាន​ដំណេក អាច​កំណត់​បាន​ដោយ​ការវិនិច្ឆ័យ អំពី​កម្រិត​វិ​ប​ត្ត​ផ្លូវចិត្ត​ដែល​អ្នក​កំពុង​ប្រឈមមុខ។ ហើយ​សញ្ញាណ​នៃ​បញ្ហា​ដំណេក​មាន​លក្ខ​ណះ​ប្រហាក់ប្រហែល​ខាងលើ​ផងដែរ។ មាន​វិ​ប​ត្ត​ផ្លូវចិត្ត​មួយចំនួន​ដែល​ធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​និង​ការ​គេង​ដូចជា​ករណី​អ្នកមាន​បញ្ហា​ការ​ថប់​បារ​ម្មណ៍ (Anxiety) ការធ្លាក់​ទឹកចិត្ត​ធ្ងន់​ធ្ង​រ (Depression) និង​អ្នកមាន​ជម្ងឺ​វិកលចរិត(Schizophrenia) ជាដើម ។ល។ ក្នុងករណីនេះ​មានតែ​អ្នក​ចិត្តសាស្ត្រ ឬ គ្រូពេទ្យ​ចិត្ត​វិកល​ទេ​ទើប​អាចធ្វើ​កា​រស​និ្ន​ដ្ឋា​ន​ថា​ការ​គេង​មិនបាន​ឬ​ការរំខាន​ដំណេក​របស់​អ្នក​គឺ ជា​រោគសញ្ញា​ឬ​ជាស​ញ្ញាណ​អវិជ្ជមាន​ដែល​បណ្តាលមកពី​វិ​ប​ត្ត​ផ្លូវចិត្ត​ដែល​កំពុង​កើតមាន​ចំពោះ​អ្នក។ អ្នក​គួរ​ចងចាំ​ថា​មិនមែន​រាល់​ការរំខាន​ដំណេក ឬ ការ​គេង​មិនបាន​របស់​អ្នក គឺជា​រោគសញ្ញា​ឬ​ជាស​ញ្ញាណ​នៃ​វិ​ប​ត្ត​ផ្លូវចិត្ត​ឬ​វិកលចរិត​ទាំងអស់​នោះទេ។ ការសន្និដ្ឋាន​បែបនេះ​ដោយ​បុគ្គល​ខ្លួនឯង​ផ្ទាល់ គឺជា​ការខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ​មួយ​ផងដែរ។ ពីព្រោះថា​រាល់​កា​រស​និ្ន​ដ្ឋា​ន​ថា​នរណាម្នាក់​ប្រឈមមុខ​នឹង​ការ​គេង​មិន​លក់​ឬ​ការរំខាន​ដំណេក​ដែល​បណ្តាលមកពី​វិ​ប​ត្ត​ផ្លូវចិត្ត គឺ​ផ្អែកទៅលើ​កត្តារួម​ផ្សំ​ជាច្រើន​ដែលមាន​តែ​អ្នកឯកទេស​ទេ​ទើប​ជា​អ្នក​សាក​សម ឬ ហ៊ាន​ធ្វើការ  ស​និ្ន​ដ្ឋា​ន​ប្រកបដោយ​សុ​ក្រិត​ភាព​ខ្ពស់​និង​ស្របតាម​វិជ្ជាជីវៈ ។
ក្នុង​ករណីខ្លះ វា​មានការ​លំបាក​ក្នុងការ​ស​និ្ន​ដ្ឋា​ន​ថា ការរំខាន​ដំណេក​គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​មាន​វិ​ប​ត្ត​ផ្លូវចិត្ត ឬ​ផ្ទុយ​មកវិញ​ថា​តើ​វិ​ប​ត្ត​ផ្លូវចិត្ត​ដែល​អាច​បណ្តាល​ឲ្យ​មានការ​រំខាន​ដំណេក។ ទាំងនេះ​គឺ​ទៀមទារ​ឲ្យ​មានការ​វាស់វែង​តាម​បច្ចេកទេស និង​មានការ​វាយតម្លៃ​ក្នុង​កម្រិត   វិជ្ជាជីវៈ​ផងដែរ។

3. ការ​គេង​មិន​លក់​ដោយ​មូលហេតុ​ការប្រើប្រាស់​ថ្នាំៈ
មាន​ករណី​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​មានការ​រំខាន​ដំណេក​ដែល​អ្នក​មិនអាច​ធ្វើការ​ស​និ្ន​ដ្ឋា​ន​ថា​វា​បណ្តាលមកពី​ករណី​ដែល​រៀបរាប់​ខាងលើ​បាន។ ការប្រើប្រាស់​ថ្នាំ​មួយចំនួន​អាចមាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក​ក្នុង​កម្រិត​ធម្មតា​ឬ​ក្នុង​កម្រិតធ្ងន់ ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​ដំណេក​ផងដែរ។

ករណីខ្លះ​អាចធ្វើ​អ្នក​គេង​មិនបាន​ឬ​ផ្ទុយ​មកវិញ​គេង​បាន​ហួសប្រមាណ ។ ឧ​ទា​ហរ​ណ៏ៈ ករណី​អ្នកមាន​ជំងឺ​ប៉ា​គីន​សាន់ (Parkinson’s disease) ជាដើម។ ការប្រើប្រាស់​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ប្រភេទ​នេះ​អាច​ប្រឈម​នឹង​បញ្ហា​ដំណេក​មួយចំនួន​ផងដែរ ឬ អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​បំបាត់​រមាស បំបាត់​ការឈឺចាប់ ថ្នាំ​ក្អក ថ្នាំ​ងងុយគេង ឬ ថ្នាំ​ផ្តាសាយ​មួយចំនួន ។ល។ ប្រភេទ​ថ្នាំ​ទាំងនោះ​អាចធ្វើ​ឲ្យ​អ្នក​គេង​ច្រើន​ហួស​ប្រក្រតី ។ ចួ​រ​ចាំ​ថា រាល់​ការប្រើប្រាស់​ថ្នាំ ដាច់ខាត​ត្រូវមាន​ការពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​ជម្ងឺ​ទូទៅ​ជាមុនសិន ឬ​វិ​ជ្ជ​បណ្ឌិត​ផ្នែក​ជម្ងឺ​ទូទៅ​ជាមុន​គឺជា​ការល្អ ។
 
មួយវិញទៀត អ្នក​ដែលមាន​ជម្ងឺ​រាំ​រ៉ៃ​មួយចំនួន ក៏​អាច​ប្រឈមមុខ​នឹង​បញ្ហា​រំខាន​ដំណេក​ផងដែរ។ ដូចជា​ករណី​អ្នកមាន​ជម្ងឺមហារីក​ជាដើម។ ការ​ទទួលរង​ជម្ងឺ​ទាំងនេះ​ក្នុង​រយះពេល​យូរ​អាចធ្វើ​ឲ្យ​អ្នក​ជម្ងឺ​ងាយ​ទទួលរង​នូវ​វិ​ប​ត្ត​ផ្លូវចិត្ត និង​ឈានទៅរក​បញ្ហា​រំខាន​ដំណេក​ធ្ងន់ធ្ងរ​ផងដែរ។

4. បញ្ហា​ដំណេក​ដោយ​មូលហេតុ​ការប្រើប្រាស់​សារធាតុ​ញៀនៈ

បញ្ហា​ដំណេក​ដោយ​មូលហេតុ​ការប្រើប្រាស់​សារធាតុ​ញៀន គឺ​បណ្តាលមកពី​ការប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន​ដែល​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ការ​គេង ។ ដូចជា​គេង​មិន​លក់ គេង​លក់​មិន​ស្កប់ ឬ​គេង​លក់​ខុសពី​ប្រក្រតី​ដែល​មិនមែនជា​លក្ខ​ណះ​ធម្មជាតិ​របស់​មនុស្ស​និង​មិន  ផ្តល់​ផល​ល្អ​ដល់​សុខភាព។ ទាំងនោះ​រួមមាន​អ្នកប្រើប្រាស់​ថ្នាំពេទ្យ​មួយចំនួន​ដែល​បណ្តាល​ឲ្យ​ញៀន ឬ​អ្នកប្រើប្រាស​ថ្នាំញៀន និង​ថ្នាំ​ដែល​ធ្វើ​ឲ្យ​ពុល​ដល់​រាងកាយ​មួយចំនួន​ផងដែរ។ នៅក្នុង​សៀវភៅ DSM-IV បានកំណត់​ផងដែរ​ថា​ជាតិ អាល់កុល (សុរា​ឬ​ស្រា​បៀរ) ជាតិ​ថ្នាំ     អម​ហ្វេ​តា​មីន (ថ្នាំញៀន) ជាតិ​កាហ្វេ​អ៊ី​ន ជាតិ​កូកាអ៊ីន អាភៀន ថ្នាំ​បំបាត់​ការឈឺចាប់ ថ្នាំ​សន្តំ និង​សារធាតុ​មួយចំនួនទៀត​អាចជា​មូលហេតុ​ទាក់ទង​នឹង​ការរំខាន​ដំណេក​ផងដែរ។ ចូរ​កុំ​ច្រឡំ​ថា​ការប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន​ដូចជា សុរា ជួយ​ឲ្យ​អ្នក​គេង​បាន​ស្រួល។ ផ្ទុយ​មកវិញ​ការ​គេង​របស់​អ្នក​ក្រោម​ឥទ្ធិពល​សារធាតុ​ទាំងនេះ គឺ​ស្ថិតក្នុង​សភាព​ស្ទើរ​សន្លប់​ឬ​សន្លប់​តែម្តង​ក្នុងករណី​ធ្ងន់ធ្ងរ​ទៅវិញ​ទេ ដោយសារ​អ្នកពុល​នឹង​ជាតិ​អាល់កុល​ក្នុង​ស្រា។  

ស​និ្ន​ដ្ឋា​នៈ
វា​មានការ​លំបាក​ក្នុងការ​ស​និ្ន​ដ្ឋា​ន​ថា នរណាម្នាក់​មាន​បញ្ហា​ដំណេក​ដោយ​គ្រាន់តែ​មើល​ទៅលើ​ភាព​ទូទៅ​របស់​អ្នកនោះ​ឬ​ការ​មាន​បញ្ហា​ដំណេក​ក្នុង​រយះពេល​កំណត់​ណាមួយ​នោះ។ ដូច​បាន​រៀបរាប់​ខាងលើ​ស្រាប់ តម្រូវការ​នៃ​ការ​គេង​របស់​មនុស្ស និង​ទម្លាប់​នៃ​ការ​គេង​របស់​មនុ​ស្សមា​នសភាពខុសៗគ្នា ។ ជាទូទៅ​មនុស្ស​ត្រូវការ​គេង​យ៉ាងតិច ៧ ទៅ ៩ម៉ោង។ ប៉ុន្តែ ទារក​ឬ​ក្មេងតូចៗអាច​ត្រូវការ​គេង​ច្រើនជាង​នេះ និង​មនុស្ស​ចាស់​អាច​ត្រូវការ​គេង​តិចជាង​នេះ​ផងដែរ ។ មាន​មនុស្ស​មួយចំនួន​ត្រូវការ​គេង​តែ ៥ម៉ោង​គឺ​គ្រប់គ្រាន់។

បើសិនជា​អ្នកមាន​បញ្ហា​ដំណេក​ចូរ​សាកល្បង​វិធីងាយៗជាមុនសិន​មុន​និង​ស្វែងរក​ជំនួយ​ពី​អ្នកឯកទេស​ចិត្តសាស្ត្រ ឬ​អ្នកឯកទេស​ចិត្ត​វិកល​ឬ​ពី​វិ​ជ្ជ​បណ្ឌិត​ទូទៅ។ វិធីងាយៗទាំងនោះ​រួមមានៈ

• ការរៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត​សមរម្យ ផ្លាស់ប្តូរ​ទីតាំង​គេង​ឲ្យ​មាន​ភាព​ប្លែក​និង​ទាក់ទាញ​ចិត្ត។
• អនាម័យ​ទាំង​រាងកាយ​និង​ទីកន្លែង​គេង​កុំ​ឲ្យ​មាន​ធូលី​ហុយ​និង​ក្លិន​រំខាន​នានា ។
• ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​សមរម្យ​និង​ទៀងទាត់ យ៉ាងតិច​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៏។
• រៀបចំ​កាលវិភាគ​និង​ពេលវេលា​គេង​ឲ្យ​បាន​ទៀងទាត់​និង​គោរព​ពេល​គេង។
• ជៀសវាង​ការប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន ដូចជា​កាហ្វេ​អ៊ី​ន (ផឹក​កាហ្វេ) ប្រើប្រាស់​សុរា ជាតិ​នីកូទីន (បារី) ឬ​ថ្នាំ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​នឹង​ការ​គេង ជាពិសេស​មុនពេល​ចូល​គេង។
• ជៀសវាង​ការ​ញាំ​ចំណី​អារ​ហារ​មួយចំនួន​ដែល​មិន​ងាយ​រលាយ ជាពិសេស​មុនពេល​ចូល​គេង ។
• សម្រួល​អារម្មណ៍​ឲ្យ​ស្ងប់​មុននឹង​ចូល​គេង ដូចជា​មុជទឹក​ក្តៅអ៊ុនៗ ឬ អាន​សៀវភៅ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងប់​អារម្មណ៍ ។
• ជៀសវាង​ការមើល​រឿង​រន្ធត់ ឬ ទុក្ខព្រួយ​ខ្លាំង​ដែល​បណ្តាល​ឲ្យ​អារម្មណ៍​មិន​ស្ងប់។
• មិនគួរ​គេង​ននាល​ចុះឡើង​នៅពេល​អ្នក​គេង​មិន​លក់​ឬ​ភ្ញាក់​ពី​គេង​ហើយ​នោះទេ  ។ បើ​អ្នក​ខំ​សំងំ​គេង​ហើយ​តែ​គេង​មិន​លក់ អ្នក​គួរ​ក្រោក​ឡើង​ញាំ​ទឹក​មួយ​កែវ​ឬ​ធ្វើ​អ្វី​ប​ន្ទិ​ច​មុន​ចូល​គេង​វិញ។
• បើ​អាចធ្វើ​ទៅបាន​គេង​រហូតដល់​ថ្ងៃ​រះ ក៏​ជា​ការល្អ​ផងដែរ។ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ពន្លឺព្រះអាទិត្យ​ពេលព្រឹក អាចជួយ​ឲ្យ​រាងកាយ​យើង​សម្រប​ខ្លួន​នឹង​បញ្ហា​ដំណេក​បានល្អ និង​ជួយ​លើ​បញ្ហា​សុខភាព​រាងកាយ​បាន​ប្រសើរ​ផងដែរ។

បើសិនជា​ក្នុងករណី​អ្នក​នៅតែមាន​បញ្ហា​ដំណេក។ អ្នក​គួរតែ​ស្វែងរក​ជំនួយ​ពី​អ្នកឯកទេស​ផ្លូវចិត្ត ឬ​វិ​ជ្ជ​បណ្ឌិត​ចិត្ត​វិកល និង​វិ​ជ្ជ​បណ្ឌិត​ទូទៅ​ជាដើម ។ ចូរ​ចងចាំ​ថា​គ្រប់​បញ្ហា​ផ្លូវចិត្ត រូ​ម​ទាំង​បញ្ហា​ដំណេក​ផងដែរ ការប្រើប្រាស់​ថ្នាំ​មិនគួរ​ជា​ជម្រើស​ទីមួយ​នោះឡើយ។ អ្នក​គួរ​រក​ជម្រើស   ផ្សេងៗមក​ប្រើ​ឲ្យ​អស់​លទ្ធភាព​ដូចជា វិធីងាយៗខាងលើ ឬ ជួប​ជាមួយ​អ្នកឯកទេស​ផ្លូវចិត្ត​ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់ (Counseling or Psychotherapy) ឬ​ជួប​ជាមួយ​វិ​ជ្ជ​បណ្ឌិត​ទូទៅ​ក្នុងករណី​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ព្យាបាល​រាងកាយ​មួយចំនួន។ ការប្រើប្រាស់​ថ្នាំ​ប្រឆាំងនឹង​វិ​ប​ត្ត​ផ្លូវចិត្ត​មួយចំនួន​ក៏​អាចជា​ជម្រើស​ផងដែរ តែ​មិនគួរ​ជា​អាទិភាព​ទីមួយ​នោះទេ​ព្រោះថា​រាល់​ការប្រើប្រាស់​ថ្នាំ​តែងមាន​ផលប៉ះពាល់​ក្នុង​កម្រិត​ណាមួយ​មិន​ខាន ។

ឯកសារពិគ្រោះ
Francese, A; First, M; Pincus, H (2005). DSM-IV Guidebook. The Essential Companion to the Diagnostic and Statistical Manual of Mental Disorders, (4th edition). American Psychaitric Press, Inc. Washington, DC London , England.
Bengston, M. (2005). Psycho Central. Sleep Disorder and Insomnia. Retrieved on May 28, 2012 from http://psychcentral.com/disorders/sleep/
 Walsh, J. (2012) American Academy of Sleep Medicine.  National Sleep Foundation

      ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
      ទំនាក់ទំនងៈ
      ទូរ​សព្ទៈ 088  9040004


វីដែអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 00051
សប្តាហ៏នេះ: 00209
សរុប: 29473

Copyrights © 2020 by Khmer Counseling Psychology Services. All rights reserved.
Designed & Hosted by Serving Web Solution.