តាមរយៈអត្ថបទអប់រំនេះនឹងជួយអោយឪពុកម្តាយស្វែងយល់ពីតំរូវការចាំបាច់របស់កុមារនៅស្ថានភាពបច្ចុប្បន្ននេះ ។
១. ស្វែងយល់ពីកុមារ
កុមារទាំងអស់តែងមានសមត្ថភាព និងចំណុចខ្លាំងរបស់ពួកគេរៀងៗខ្លួន។ សូមកុំរំពឹងទុកថាកុមារនឹងយល់ពីអ្នក ប៉ុន្តែសូមព្យាយាមយល់ពីពួកគេ និងផ្តល់អី្វដែលជាតំរូវការសមស្រប ឬអ្វីដែលកុមារចង់បានបំផុត ។
ឧទាហរណ៍ អ្នកចង់អោយកុមារក្លាយជាគ្រូពេទ្យ ប៉ុន្តែកុមារចាប់អារម្មណ៍ទៅលើតន្រ្តីជាង ។ ដូច្នេះសូមជួយជំរុញលើកទឹកចិត្តកុមារអោយធើ្វតាមអី្វដែលពួកគេស្រលាញ់ ពួកគេអាចនឹងមានសមត្ថភាពដ៏អស្ចារ្យដែលអ្នកមិនបានដឹង។
២. កុំប្រៀបធៀបកុមារទៅកុមារដទៃទៀត
កុំប្រៀបធៀបកុមារជាមួយកុមារដទៃផ្សេងទៀត ព្រោះកុមារម្នាក់ៗមានបុគ្គលិកក្ខណះ និងចំណុចពិសេសរៀងៗខ្លួន ពួកគេមាន គំនិត ជំរើស គោលបំណង និងចំណុចផ្សេងៗជាច្រើនទៀតដែលខុសៗគ្នា។ កុមារម្នាក់ៗមានចំណុចខ្លាំង និងសមត្ថភាពដ៏អស្ចារ្យរៀងៗខ្លួន។
៣. ចំណេះដឹងជាផ្នែកមួយនៃជីវិត
តើកុមារអាចធើ្វអី្វបានខ្លះ? តើកុមារនឹងក្លាយជាអី្វនៅថ្ងៃអនាគត? តើកុមារចូលចិត្តអី្វ? តើចំណុចខ្លាំងរបស់កុមារគឺជាអី្វ? តើចំណុចខ្សេាយរបស់កុមារមានអី្វខ្លះ? តើកុមារមានក្តីស្រមៃចង់ក្លាយជាអី្វ?
ឪពុកម្តាយគួរស្វែងយល់ពីកុមារ ប្រសិនកុមារប្រព្រឹត្តអី្វខុស សូមកែតំរូវ ឬណែនាំពួកគេដោយវិធីសាស្រ្តត្រឹមត្រូវ ក្នុងពេលវេលាសមស្របណាមួយ ។ សូមចាំថា កុមារជាម្ចាស់ជីវិត និងអនាគតរបស់ពួកគេ ។ កុមារគ្រប់រូបគួួរតែទទួលបានសិទិ្ធក្នុងការជ្រើសរើសអី្វដែលពួកគេស្រលាញ់។
៤. ផ្តល់អោយកុមារនូវអាកប្បកិរិយា និងបុគ្គលិកលក្ខណៈល្អ ជាជាងសំភារះនិយម និងទ្រព្យសម្បត្តិ
ការអភិវឌ្ឍចរិតលក្ខណៈ អភិវឌ្ឍបុគ្គលិកលក្ខណៈ និងការអប់រំ គឺមានតម្លៃ ថ្លៃជាងទ្រព្យសម្បត្តិដែលអ្នកផ្តល់អោយពួកគេ។ នៅពេលកុមារអាចកសាងគ្រឹះទាំងអស់ នោះហើយនឹងមិនមាននរណាអាចបំផ្លាញពួកគេបានទេ។ វាក៏ជាកាដូរដ៏អស្ចារ្យដែលអ្នកបានផ្តល់អោយពួកគេផងដែរ។ កុមារនឹងយកចំណេះដឹងទាំងនោះទៅអនុវត្តន៍នៅក្នុងដំណើរជីវិតរបស់ពួកគេ និងជួយសង្គមផងដែរ។
៥. ធើ្វជាគំរូល្អសម្រាប់កុមារ
គ្រូបង្រៀនដំបូងបំផុតរបស់កុមារ គឺជាឪពុកម្តាយរបស់ពួកគេ។ កុមារនឹងសង្កេតមើល និងរៀនរាល់សកម្មភាពររបស់អ្នក។ សូមប្រុងប្រយ័ត្នចំពោះសកម្មភាព ឬអាកប្បកិរិយារបស់អ្នក របៀបរស់នៅជាប្រចាំថ្ងៃ ការជ្រើសរើសអី្វមួយ។ល។ ប្រសិនអ្នកជក់បារី កុមារអាចនឹងរៀនតាមអ្នក ដូចនេះអ្នកមិនអាចស្តីបន្ទោសអោយកុមារបាននោះទេ។
៦. ពិនិត្យមើលមជ្ឈមដ្ឋានជុំវិញកុមារ មជ្ឈមដ្ឋានជុំវិញកុមារមានតួនាទីកាន់តែធំនៅក្នុងជីវិតរបស់ពួកគេ។ សូមពិនិត្យមើលកម្មវិធីសិក្សា និងប្រព័ន្ធអប់រំរបស់កុមារនៅសាលារៀនរបស់ពួកគេ។ កុមារក៏អាចរៀនពីក្រុមមិត្តភកិ្តរបស់គេផងដែរ។
៧. ពិនិត្យមើលរបបអាហាររបស់អ្នក
ការស្រាវជ្រាវវិទ្យាសាស្ត្រ បានបង្ហាញថា អី្វដែលឪពុកម្តាយបរិភោគ និងផឹក កុមារនឹងរៀនតាមផងដែរ។ ដូចនេះរបៀបនៃការបរិភោគនៅផ្ទះ គឺពិតជាមានសារះសំខាន់ណាស់។ សូមបរិភោគអាហារដែលជួយទ្រទ្រង់សុខភាពកុមារ ចំណាយពេលធើ្វសមាធិ ៣០នាទីជាមួយកុមារ បង្កើតសកម្មភាពសប្បាយជាមួយកុមារ ចំណាយពេលស្តាប់ពីបញ្ហារបស់កុមារ ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយកុមារ ៕