វិបតិ្តអាកប្បកិរិយា គឺជាក្រុមនៃបញ្ហាអាកប្បកិរិយា និងអារម្មណ៍ ដែលជាធម្មតា ចាប់ផ្តើមក្នុងវ័យកុមារភាព ឬវ័យជំទង់។ កុមារ និងវ័យជំទង់ ដែលមានជំងឺនេះ គឺមានការលំបាកក្នុងជាមួយអាកប្បកិរិយារបស់គេនៅក្នុងសង្គម។
ពួកគេអាចបង្ហាញអាកប្បកិរិយា មិនសមរម្យ បំផ្លិចបំផ្លាញ និងបោកបញ្ឆោត រំលោភលើសិទ្ធិរបស់អ្នកដទៃ។ អ្នកដទៃនឹងមើលមកពួកគេថាជាមនុស្សមិនល្អ ជាជាងយល់ថាពួកគេមានជំងឺ។
រោគសញ្ញាវិបត្តិអាកប្បកិរិយា
ជាធម្មតាកុមារមានវិបត្តិអាកប្បកិរិយា គឺមានការពិបាកក្នុងការគ្រប់គ្រងអាកប្បកិរិយា និងពិបាកសមស្របខ្លួនក្នុងសង្គម។ ពួកតែងប្រព្រឹត្តិអំពើ ឬសំដែងចេញនូវអាកប្បកិរិយា ដោយមិនមានការគិតគ្រប់ជ្រុងជ្រោយ និងមិនបានគិតពីផលពិបាកនៃសកម្មភាពរបស់ពួកគេ ទេ។ ពួកគេក៏មិនគិតពីអារម្មណ៍របស់អ្នកដទៃដែរ។ ពួកគេអាចមានបញ្ហា ប្រសិនបើពួកគេបង្ហាញអាកប្បកិរិយា ដូចខាងក្រោមមួយ ឬច្រើន៖
- អាកប្បកិរិយាឈ្លានពាន ឬបង្កហេតុអាក្រក់
- បោកបញ្ឆោត
- អាកប្បកិរិយាបំផ្លិចបំផ្លាញ
- បំពានច្បាប់
អាកប្បកិរិយាឈ្លានពាន ឬបង្កហេតុអាក្រក់អាចរួមបញ្ចូលនូវ
- បំភិតបំភ័យឬសម្លុតអ្នកដទៃ
- ប៉ះពាល់ដល់រាងកាយអ្នកដទៃ ឬសត្វដោយចេតនា
- រំលោភសេពសន្ថវៈ
- ប្រើប្រាស់អាវុធ
ការបោកបញ្ឆោត
- ការកុហក
- លួច
- ការក្លែងបន្លំ
អាកប្បកិរិយាបំផ្លិចបំផ្លាញ
ការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា។
ការបំពានច្បាប់
- គេចសាលា
- រត់ចេញពីផ្ទះ
- ប្រើប្រាស់គ្រឿងញៀន និងផឹកគ្រឿងស្រវឹង
- មានចំណង់ផ្លូវភេទនៅវ័យក្មេង
ក្មេងប្រុសដែលមានវិបតិ្តអាកប្បកិរិយា ទំនងជាមានអាកប្បកិរិយាបង្កហេតុអាក្រក់ និងបំផ្លាចបំផ្លាញច្រើនជាងក្មេងស្រី ។ ចំពោះក្មេងស្រីមានអាកប្បកិរិយាបោកប្រាស់ និងរំលោភបំពានច្បាប់។
លើសពីនេះរោគសញ្ញានៃវិបត្តិអាកប្បកិរិយា អាចមានកំរិត ស្រាល មធ្យម ឬធ្ងន់ធ្ងរ៖
កំរិតស្រាល
ប្រសិនបើ កូនរបស់អ្នកមានរោគសញ្ញាក្នុងកំរិតស្រាល មានន័យថា ពួកគេបង្ហាញនូវបញ្ហាអាកប្បកិរិយាតិចតួច ។ បញ្ហានៃការប្រព្រឹត្តបង្កឱ្យមានគ្រោះថ្នាក់តិចតួចដល់អ្នកដទៃ។ បញ្ហាទូទៅរួមមាន ការនិយាយកុហក គេចសាលារៀន និងគេចពីផ្ទះនៅពេលយប់។
កំរិតមធ្យម
កុមារសំដែងចេញនូវបញ្ហាអាកប្បកិរិយាច្រើន វិបត្តិទាំងនោះអាចមានពីកំរិតស្រាល ទៅធ្ងន់ធ្ងរ ហើយប៉ះពាល់ដល់អ្នកដទៃ។ បញ្ហាទាំងនោះរួមមាន ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងការលួច។
កំរិតធ្ងន់ធ្ងរ
ពួកគេបង្ហាញបញ្ហាអាកប្បកិរិយាលើសពីអ្វីដែលត្រូវការដើម្បីធ្វើរោគវិនិច្ឆ័យ។ បញ្ហានៃការប្រព្រឹត្តទាំងនេះបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ បញ្ហាអាចរួមមាន ការចាប់រំលោភ ការប្រើអាវុធខុសច្បាប់។
តើវិបត្តិអាកប្បកិរិយាបណ្តាលមកពីមូលហេតុអី្វ?
ក្នុងនោះមានកត្តាហ្សែន និងបរិស្ថានជុំវិញ អាចរួមចំណែកដល់ការវិវត្តនៃវិបត្តិអាកប្បកិរិយា។
កត្តាហ្សែន
ការបំផ្លាញផ្នែកខាងមុខនៃខួរក្បាល ត្រូវបានផ្សារភ្ជាប់ទៅនឹងវិបត្តិអាកប្បកិរិយា។ ផ្នែកខួរក្បាលខាងមុខ គឺជាផ្នែកមួយគ្រប់គ្រងជំនាញការយល់ដឹងសំខាន់ៗ ដូចជាការដោះស្រាយបញ្ហា ការចងចាំ និងការបង្ហាញនូវចិត្តរំភើប។ ខួរក្បាលខាងមុខវាក៏ជាផ្នែកនៃបុគ្គលិកលក្ខណៈរបស់អ្នកផងដែរ។ ខួរក្បាលផ្នែកខាងមុខ ចំពោះមនុស្សដែលមានវិបត្តិអាកប្បកិរិយា អាចមិនដំណើរការត្រឹមត្រូវ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់
- កង្វះនៅការគ្រប់គ្រងសន្ទុះចិត្ត
- ការកាត់បន្ថយសមត្ថភាពក្នុងការធ្វើផែនការសកម្មភាពនាពេលអនាគត
- ការថយចុះសមត្ថភាពក្នុងការរៀនពីបទពិសោធន៍អវិជ្ជមានកន្លងមក
ការចុះខ្សោយនៃផ្នែកខួរក្បាលខាងមុខអាចជាហ្សែន ឬវាអាចបណ្តាលមកពីគ្រោះថ្នាក់ ឬរបួសណាមួយ។
កត្តាបរិស្ថានជុំវិញ
កត្តាបរិស្ថានជុំវិញដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពវិបតិ្តអាកប្បកិរិយារួមមាន៖
- ការរំលោភបំពានលើកុមារ
- ស្ថិតក្នុងគ្រួសារដែលឈ្លោះប្រកែកគ្នា
- មានឪពុកម្តាយដែលប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង
- គ្រួសារក្រីក្រ
សម្រាប់បុគ្គលដែលមានវិបតិ្តអាកប្បកិរិយា តើនរណាដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃច្រើនជាង?
- ជាមនុស្សប្រុស
- បុគ្គលដែលរស់នៅក្នុងទីក្រុង
- បុគ្គលដែលរស់នៅក្នុងភាពក្រីក្រ
- រស់នៅក្នុងគ្រួសារដែលធ្លាប់មានវិបត្តិអាកប្បកិរិយា
- រស់នៅក្នុងគ្រួសារដែលធ្លាប់មានជំងឺផ្លូវចិត្ត
- បុគ្គលដែលកំពុងមានជំងឺផ្លូវចិត្តផ្សេងៗ
- មានឪពុកម្តាយដែលប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង
- រស់នៅក្នុងមជ្ឈដ្ឋានដែលមានការឈ្លោះប្រកែកគ្នា
- ធ្លាប់មានបទពិសោធន៍ជួបនូវគ្រោះថ្នាក់រន្ធត់
- បុគ្គលដែលទទួលរងនូវអំពីហិង្សា
ការព្យាបាល
ប្រសិនកុមារដែលមានវិបត្តិអាកប្បកិរិយារស់នៅក្នុងផ្ទះដែលមានការរំលោភបំពាន គេអាចនឹងអោយកុមារប្តូរទៅកន្លែងផ្សេង។ ប្រសិនបច្ចុប្បន្នមិនមានការរំលោភបំពានទេ អ្នកផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តនឹងប្រើវិធីព្យាបាលអាកប្បកិរិយា ឬវិធីព្យាបាលការនិយាយ ដើម្បីជួយកុមាររៀនពីរបៀបបង្ហាញ ឬគ្រប់គ្រងអារម្មណ៍របស់ពួកគេឱ្យបានសមរម្យ។ អ្នកផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តនឹងបង្រៀនអ្នកពីវិធីសាស្រ្តក្នុងការគ្រប់គ្រងអាកប្បកិរិយាកូនរបស់អ្នក។ ប្រសិនកុមារមានជំងឺផ្សេងៗទៀតដូចជា ធ្លាក់ទឹកចិត្ត ឬ ADHD អ្នកផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តអាចចេញវេជ្ជបញ្ជាអោយប្រើថ្នាំសំរាប់ព្យាបាលជម្ងឺនោះផងដែរ។
ដើម្បីបង្កើតឥរិយាបថ និងគំរូអាកប្បកិរិយាថ្មីៗដល់កុមារ ដែលមានវិបត្តិអាកប្បកិរិយា ជាធម្មតាត្រូវការការព្យាបាលរយៈពេលវែង។ ទោះជាយ៉ាងណាក៏ដោយការព្យាបាលទាន់ពេលវេលាអាចកាត់បន្ថយការវិវត្តនៃជំងឺ ឬកាត់បន្ថយភាពធ្ងន់ធ្ងរនៃអាកប្បកិរិយាអវិជ្ជមានរបស់កុមារ។