ការផ្លាស់ប្តូរទម្លាប់មិនល្អមួយចំនួនអាចនឹងពិបាកខ្លាំងនៅពេលយើងក្លាយជាមនុស្សធំ ប៉ុន្តែយើងអាចកែប្រែ ឬជួយតម្រង់ទិសដល់កុមារតូចៗ ដើម្បីអោយកុមារមានច្បាប់ទម្លាប់ល្អត្រឹមត្រូវ និងអាចចូលរួមក្នុងសង្គមបានយ៉ាងល្អទៅថ្ងៃអនាគតរបស់ពួកគេ។
យើងមានគន្លឹះមួយចំនួនដែលឪពុកម្តាយអាចបង្រៀន និងណែនាំកុមារ ដែលទាំងនេះអាចជះឥទ្ធិពលវិជ្ជមាននៅក្នុងជីវិតរបស់ពួកគេ៖
១. ទម្លាប់អោយកុមារចូលគេងអោយបានទៀងម៉ោង និងគេងបានគ្រប់គ្រាន់
តើកុមារត្រូវការគេងប៉ុន្មានម៉ោង?
ចំនួនម៉ោងនៃការគេង គឺខុសៗគ្នាទៅតាមអាយុរបស់ពួកគេ។
- 0-11 ខែ – កុមារត្រូវការគេង 14 ទៅ 18 ម៉ោងក្នុង១ថ្ងៃ
- 1-2 ឆ្នាំ – កុមារត្រូវការគេង 10 ទៅ 14 ម៉ោងក្នុង១ថ្ងៃ
- 3-5 ឆ្នាំ – កុមារត្រូវការគេង 10 ទៅ 13 ម៉ោងក្នុង១ថ្ងៃ
- 6-13 ឆ្នាំ – កុមារត្រូវការគេង 9 ទៅ 10 ម៉ោងក្នុង១ថ្ងៃ
- 14-18 ឆ្នាំ – កុមារត្រូវការគេង 8 ទៅ 9 ម៉ោងក្នុង១ថ្ងៃ
អ្នកអាចទម្លាប់អោយកុមារចូលគេង និងក្រោកអោយបានទៀងម៉ោង។ ជំរុញអោយកុមារផឹកទឹកអោយបានច្រើន ទាំងនេះជាទម្លាប់មួយដ៏សំខាន់ដែលឪពុកម្តាយគួរអនុវត្តន៍។
២. ចំណាយពេលលេងនៅខាងក្រៅ
សម្រាប់កុមារការលេងជាផ្នែកមួយសំខាន់ផងដែរ កុមារត្រូវការ ១ម៉ោង ទៅ១ម៉ោងកន្លះ ជារៀងរាល់ថ្ងៃទៅលើការលេងបែបកីឡា។ ការចំណាយពេលលេងខាងក្រៅនេះ ជួយអោយកុមារអាចទទួលយកពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ កុមារអាចរាប់អានមិត្តភកិ្តថ្មីៗ និងមានសុខភាពរឹងមាំ។
ចំណុចសំខាន់
ក្នុងនាមជាឪពុកម្តាយ អ្នកជាអ្នកទទួលខុសត្រូវក្នុងការធានាថាកុមារមិនចំណាយពេលច្រើនជាង ១ ម៉ោងមើលទូរទស្សន៍ ឬលេង iPad ឬទូរស័ព្ទនោះទេ ។ ការចំណាយពេលមើលអេក្រង់ច្រើនពេកអាចប៉ះពាល់ដល់ភ្នែកកុមារផងដែរ។
៣. គោរពតាមវិធានសុវត្ថិភាព
ពន្យល់ និងបង្ហាញកុមារអោយយល់ពីសារះសំខាន់នៃការគោរពច្បាប់ដែលជួយអោយពួកគេ មានសុវត្ថិភាព។ នៅពេលមនុស្សគ្រប់គោរពច្បាប់បានត្រឹមត្រូវល្អ ក្នុងសង្គមនេះនឹងមិនមាន នរណាធើ្វបាបនរណាទេ និងមនុស្សគ្រប់គ្នាតែងមានសុជីវធម៍ល្អក្នុងការរស់នៅ ទាំងនៅក្នុងសាលា ផ្ទះ និងមជ្ឈមដ្ឋានជុំ។
៤. ពន្យល់កុមារអោយចេះការពារខ្លួននៅពេលជួយមនុស្សបែ្លកមុខ
ជាការពិតណាស់កុមារនៅអាយុ ៣ និង ៤ ឆ្នាំ ពួកគេមិនទាន់អាចបែងចែកភាពល្អ និងអាក្រក់បាននោះទេ។ វាអាចនឹងមានការពិបាកនឹងបង្ហាញកុមារអោយបានយល់ ប៉ុន្តែនេះក៏មិនមែនជាចំណុចដែលឪពុកម្តាយគួរមើលរំលងនោះដែរ។ អ្នកអាចពន្យល់ពីកុមារងាយៗដូចជាសកម្មភាព ឬអាកប្បកិរិយាបែបណាដែលកុមារគួរប្រុងប្រយ័ត្ន និងត្រូវនិយាយបដិសេធ។
ប្រាប់កុមារពីរបៀបសុំជំនួយពីមនុស្សធំ ដូចជាឪពុកម្តាយ លោកគ្រូអ្នកគ្រូ ឬនាយកសាលា។ល។
៥. ញាំអាហារសុខភាពអោយបានត្រឹមត្រូវ
លើកទឹកចិត្តកុមារ ឬទម្លាប់អោយកុមារញាំអាហារ បន្លែ និងផ្លែឈើស្រស់ៗ បន្ថែមទៀត ចៀសវាងអាហារសម្រន់ខ្លាញ់ និងស្ករ។
ទឹកដោះគោមានជាតិខ្លាញ់ទាបក៏ត្រូវតែជាផ្នែកមួយនៃអាហាររបស់ពួកគេដែរ។
៦. អោយកុមារផឹកទឹកអោយបានគ្រប់គ្រាន់
នៅពេលកុមារលេងពេញមួយថ្ងៃយើងត្រូវចងចាំថាទឹកជួយពួកគេឱ្យគ្រប់គ្រងសីតុណ្ហភាពរាងកាយបានល្អ។
បើគ្មានបរិមាណទឹកសម្រាប់កុមារបានគ្រប់គ្រាន់ទេ កុមារងាយនឹងខ្វះជាតិទឹក ហើយមុខងាររាងកាយធម្មតាអាចរងការប៉ះពាល់។ ការផ្តល់ជាតិទឹកចំពោះកុមារ គឺមានសារៈសំខាន់ណាស់ ជាពិសេសដោយសារតំរូវការទឹកទាក់ទងនឹងទំងន់រាងកាយរបស់ពួកគេខ្ពស់ជាងមនុស្សពេញវ័យ។
៧. រក្សាអនាម័យ
កុមារចំណាយពេលលេងខាងក្រៅច្រើនម៉ោង សម្លៀកបំពាក់របស់ពួកគេនឹងប្រមូលផ្តុំកោសិកាស្បែកដែលងាប់ញើស និងអាចមានស្នាមប្រឡាក់ផ្សេងទៀត។
បាក់តេរីដែលមានលើស្នាមប្រឡាក់ទាំងនេះមិនត្រឹមតែបន្សល់ទុកនូវសម្លៀកបំពាក់ដែលមានក្លិនស្អុយប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចរាលដាលជំងឺ ឬឆ្លងជំងឺមួយចំនួនដល់កុមារផងដែរ។
៨. អាហារដែលសំខាន់បំផុត
អាហារពេលព្រឹកសំខាន់បំផុត ដែលកុមារមិនគួររំលងនោះទេ ព្រោះជាអាហារផ្តល់ថាមពលដល់យើង។ ក្នុងនាមជាឪពុកម្តាយអ្នកត្រូវធានាថាកូនៗ របស់អ្នកក្រោកពីព្រលឹមហើយមានពេលវេលាគ្រប់គ្រាន់ដើម្បីរីករាយនឹងអាហារពេលព្រឹកដែលមានសុខភាពល្អ មុនពេលចូលរៀន។
៩. ចំណេះដឹងទូទៅ
សម្រាប់ក្មេងៗតូចៗការរៀនអានសៀវភៅចំណេះដឹងផ្សេងៗមានសារះសំខាន់លើសតែពី ការរៀនពីតួអក្សរ និងលេខ។ ការអានក៏ជួយបង្កើនជំនាញភាសារបស់ពួកគេទៀតផង។
១០. ការងារផ្ទះ
អ្នកអាចឱ្យពួកគេជួយធ្វើកិច្ចការតូចតាច ដូចជារក្សាបន្ទប់ឱ្យស្អាត រៀបចំប្រដាប់ប្រដាក្មេងលេង ដាក់តុបាយមុនញាំអាហារ។ល។ ម៉្យាងទៀតការធើ្វបែបនេះ វាបង្រៀនពួកគេឱ្យមានភាពឯករាជ្យជាងមុន។ ពួកគេក៏នឹងចេះគោរពដល់អ្នកដែលជួយ សំអាតផ្ទះ នៅសាលារៀន ឬនៅភោជនីយដ្ឋានផងដែរ៕