ឪពុកម្តាយមួយចំនួនតែងតែឆ្ងល់ថាតើហេតុអី្វបានជាកុមារមិនអាចផ្ទង់អារម្មណ៍លើការសិក្សារបស់ពួកគេបាន តើបញ្ហាទាំងអស់នេះបណ្តាលមកពីអី្វខ្លះ?
កុមារដែលពិបាកផ្ទង់អារម្មណ៍លើការសិក្សារមិនប្រាកដថាពួកគេមានបញ្ហា ADD ឬ ADHDនោះទេ។ បញ្ហាផ្តោតអារម្មណ៍ដែលកុមារមាននៅក្នុងសាលារៀនអាចបណ្តាលមកពីហេតុផលផ្សេងៗគ្នា។
សញ្ញាទូទៅដែលកុមារមានបញ្ហាក្នុងការផ្តោតអារម្មណ៍ក្នុងថ្នាក់រួមមាន៖
- ការសិក្សាធ្លាក់ចុះ
- មិនចូលចិត្តទៅសាលារៀន
- ចូលចិត្តរំខានក្នុងថ្នាក់
ប្រសិនកុមារមានសញ្ញាទាំងនេះមិនមានន័យថាកុមារមានការលំបាកក្នុងការរៀនសូត្រ (learning difficulty) នោះទេ។ មុនស្វែងរកដំណោះស្រាយ ជំហានដំបូង គឺត្រូវកំណត់ថាតើមូលហេតុអី្វដែលធើ្វអោយកុមារបញ្ហាក្នុងការផ្តោតអារម្មណ៍នៅសាលារៀន។
មូលហេតុដែលអាចធើ្វអោយកុមារពិបាកក្នុងការផ្ចង់អារម្មណ៍
- ទីកន្លែងថ្មី
ក្មេងតូចៗមានការលំបាកក្នុងការផ្តោតអារម្មណ៍នៅក្នុងថ្នាក់រៀន ពីព្រោះពួកគេស្ថិតនៅក្នុងបរិយាកាស ឬមជ្ឈមដ្ឋានថ្មីៗដែលកុមារពុំទាន់អាចសំរបខ្លួនបាន។
- បរិយាកាសក្នុងថ្នាក់មិនមានការប្រកួតប្រជែងគ្រប់គ្រាន់
សម្រាប់កុមារខ្លះការរៀននៅក្នុងថ្នាក់ គឺមិនមានការប្រកួតប្រជែងគ្រប់គ្រាន់ ដូចជាកំរិតនៃការបង្រៀនមានកំរិតទាបជាងចំណេះដឹងដែលកុមារមាន។ ចំណុចនេះក៏អាចធើ្វអោយកុមារបាត់បង់ចំណាប់អារម្មណ៍ក្នុងការរៀន និងមិនផ្ទង់អារម្មណ៍ក្នុងថ្នាក់រៀន។
- ការរំខានក្នុងថ្នាក់
ថ្នាក់រៀនអាចជាកន្លែងមួយដែលពោពេញទៅដោយការរំខានពីមិត្តរួមថ្នាក់ ជជែកលេងរហូតដល់កុមារមានការពិបាកក្នុងការផ្ទង់អារម្មណ៍។
- មិនមានការជំរុញលើកទឹកចិត្តគ្រប់គ្រាន់
ក្នុងករណីខ្លះ កុមារមិនទទួលលើកទឹកចិត្តគ្រប់គ្រាន់ពីឪពុកម្តាយ ឬលោកគ្រូអ្នកគ្រូរបស់ពួក ក៏អាចធើ្វអោយកុមារងាយបោះបង់ការសិក្សា ឬលើមុខវិជ្ជាណាមួយ។
- របៀបនៃការបង្រៀនមិនត្រូវគ្នាជាមួយកុមារ
កុមារផ្សេងៗគ្នាមានរបៀបរៀនខុសៗគ្នា កុមារខ្លះរៀនបានល្អបំផុតតាមរយះការមើលឃើញ កុមារខ្លះតាមរយះការស្តាប់លឺ ។ល។ ប្រសិនបើគ្រូរបស់កុមារសង្កត់ធ្ងន់លើរបៀបរៀនដែលមិនត្រូវគ្នានឹងរបៀបដែលកុមាររៀន វាអាចបណ្តាលឱ្យកុមារខ្វះការយកចិត្តទុកដាក់ និងការយល់ដឹងផងដែរ។
- កុមារគេងមិនបានគ្រប់គ្រាន់ ឬខ្វះអាហាររូបត្ថម្ភ
ប្រសិនបើកុមារមិនបានទទួលការគេងអោយបាន ៨ ទៅ ១០ ម៉ោងរាល់យប់ទេ កុមារនឹងមិនមានថាមពលដើម្បីផ្តោតអារម្មណ៍ក្នុងថ្នាក់ទេ។ ការមិនបានញាំអាហារពេលព្រឹកក៏ជាមូលហេតុធំមួយទៀតនៃការកង្វះការផ្តោតអារម្មណ៍នៅក្នុងថ្នាក់ផងដែរ។
- ថប់បារម្ភ
ការថប់បារម្ភអំពីសាលារៀន ឬថ្នាក់អាចជាបញ្ហាមួយទៀតដែលនាំឱ្យកុមារមិនចង់ទៅសាលារៀន។ សិស្សដែលមានអារម្មណ៍ធុញថប់ ឬស្ត្រេសលើមុខវិជ្ជាណាមួយអាចនាំឱ្យបោះបង់ចោលការ សិក្សាចោលផងដែរ។