Dyslexia គឺជាជំងឺនៃការរៀនសូត្រដែលពាក់ព័ន្ធនឹងការលំបាកក្នុងការអាន ការសម្គាល់សំឡេងព្យព្ជានៈ និងប្រកបអក្សរ។ គេអាចហៅម៉្យាងទៀតជា ពិការភាពនៃការអាន, Dyslexia ប៉ះពាល់ដល់
តំបន់នៃខួរក្បាលដែលដំណើរការភាសា។
បុគ្គលដែលមាន Dyslexia មានបញ្ញាធម្មតា នឹងអាចទទួលបានជោគជ័យក្នុងសាលារៀនតាមរយៈការបង្រៀន ឬកម្មវិធីសិក្សាអប់រំពិសេស។ ការគាំទ្រផ្នែកអារម្មណ៍ក៏ដើរតួយ៉ាងសំខាន់ផងដែរសម្រាប់ពួកគេ។
ថ្វីត្បិតតែគ្មានការព្យាបាលចំពោះ Dyslexia ប៉ុន្តែតាមរយៈការធើ្វរោគវិនិច្ឆ័យ និងអន្តរាគមន៍ទាន់ពេលវេលា គឺអាចកែប្រែ និងផ្តល់លទ្ធផលល្អបំផុតសម្រាប់ពួកគេ។ ពេលខ្លះ dyslexia មិនត្រូវបានគេធ្វើរោគវិនិច្ឆ័យអស់ជាច្រើនឆ្នាំ រហូតដល់ពួកគេធំពេញវ័យ ប៉ុន្តែមិនយឺតពេលទេក្នុងការស្វែងរកជំនួយ។
រោគសញ្ញា
សញ្ញានៃ Dyslexia អាចមានពិបាកកត់សំគាល់មុនពេលកូនរបស់អ្នកចូលសាលា ប៉ុន្តែក៏មានតម្រុយដំបូងខ្លះៗដែលអាចបង្ហាញពី Dyslexia។ សញ្ញារបស់ Dyslexia មានលក្ខណៈខុសប្លែកគ្នាទៅតាមកុមារម្នាក់ៗ ប៉ុន្តែស្ថានភាពនេះតែងតែលេចចេញជារូបរាង នៅពេលកុមារចាប់ផ្តើមរៀនអាន។
កុមារស្ថិតក្នុងអាយុមុនចូលសាលារៀន
សញ្ញាដែលបង្ហាញថាកុមារតូចៗអាចប្រឈមនឹង Dyslexia រួមមាន៖
- យឺតយ៉ាវនៃភាសា និងការនិយាយ
- ចំណាយពេលយូរក្នុងការរៀនពាក្យថ្មីៗ
- បញ្ហាក្នុងការបង្កើតពាក្យឱ្យបានត្រឹមត្រូវ ដូចជាការអានបញ្ច្រាសសំលេង រឺមានការច្រឡំទៅលើពាក្យដែលស្តាប់ទៅដូចគ្នា
- បញ្ហាក្នុងការចងចាំ ឬអានតួអក្សរ លេខ និងពណ៌
កុមារស្ថិតក្នុងអាយុចូលសាលារៀន
នៅពេលកុមារដល់វ័យចូលសាលារៀន រោគសញ្ញានៃ Dyslexia អាចនឹងបង្ហាញឱ្យឃើញកាន់តែច្បាស់រួមមាន៖
- ការអានស្ថិតក្រោមកម្រិតរំពឹងទុកសម្រាប់អាយុរបស់កុមារ
- បញ្ហាដំណើរការ និងការយល់ដឹងពីអ្វីដែលកុមារស្តាប់
- ការលំបាកក្នុងការស្វែងរកពាក្យត្រឹមត្រូវ ឬបង្កើតចម្លើយចំពោះសំណួរ
- បញ្ហាចងចាំលំដាប់វត្ថុ
- ភាពលំបាកក្នុងការមើលតួអក្សរអោយបានត្រឹមត្រូវ (និងពេលខ្លះកុមារស្តាប់មិនយល់)
- ពិបាកបែកចែកភាពស្រដៀងគ្នា និងភាពខុសគ្នានៃអក្សរ និងពាក្យ
- អសមត្ថភាពក្នុងការបញ្ចេញសំឡេងនៃពាក្យដែលមិនស្គាល់
- ការលំបាកក្នុងការសរសេរអក្សរ
- ចំណាយពេលយូរខុសពីធម្មតាដើម្បីបំពេញភារកិច្ចដែលពាក់ព័ន្ធនឹងការអាន ឬការសរសេរ
- គេច និងមិនចូលចិត្តចំពោះសកម្មភាពណាដែលពាក់ព័ន្ធនឹងការអាន សរសេរ
តើពេលណាត្រូវទៅជួបអ្នកជំនាញ?
ពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើសង្កេតឃើញពីកម្រិតនៃការអានរបស់កូនអ្នកទាបជាងអ្វីដែលរំពឹងទុកសម្រាប់អាយុរបស់ពួកគេ ឬប្រសិនបើអ្នកសម្គាល់ឃើញសញ្ញាផ្សេងទៀតនៃ Dyslexia។
នៅពេលដែល Dyslexia មិនត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងមិនបានទទួលការអន្តរាគមន៍ កុមារនៅតែបន្តរហូតដល់ពួកគេធំពេញវ័យ។
មូលហេតុនៃ Dyslexia
Dyslexia មានទំនោរក្នុងគ្រួសារ។ វាហាក់ ដូចជាត្រូវបានផ្សារភ្ជាប់ទៅនឹងហ្សែនដែលប៉ះពាល់ដល់របៀបដែលខួរក្បាលដំណើរការក្នុងការអាន និងភាសា ក៏ដូចជាកត្តាក្នុងបរិស្ថានជុំវិញ។
កត្តាហានិភ័យ
កត្តាហានិភ័យនៃdyslexia រួមមាន៖
- ប្រវត្តិគ្រួសារដែលមាន Dyslexia ឬពិការភាពក្នុងការរៀនសូត្រផ្សេងទៀត (learning disabilities)
- កំណើតមិនគ្រប់ខែ ឬទារកដែលទម្ងន់មិនគ្រប់
- ការប៉ះពាល់នឹងជាតិនីកូទីន គ្រឿងញៀន អាល់កុល ឬការបង្ករោគដែលអាចផ្លាស់ប្តូរការវិវត្តខួរក្បាលរបស់ទារក
ផលវិបាក
Dyslexia អាចនាំឱ្យមានបញ្ហាមួយចំនួនរួមមាន៖
- មានបញ្ហាក្នុងការរៀនសូត្រ ដោយសារការអាន គឺជាជំនាញមូលដ្ឋាន ដូច្នេះកុមារដែលមាន Dyslexia មានឧបសគ្គសនៅក្នុងការរៀនសូត្រ ភាគច្រើនហើយអាចមានបញ្ហាក្នុងការរាប់អានមិត្តភក្តិ។
- បញ្ហាសង្គម ប្រសិនបើកុមារមិនទទួលបានការណែនាំត្រឹមត្រូវ អាចនាំឱ្យមានកុមារមាន បញ្ហាអាកប្បកិរិយា ការថប់បារម្ភ ការឈ្លានពាន និងការដកខ្លួនចេញពីមិត្តភក្តិ ឪពុកម្តាយ និងគ្រូ។
- អសមត្ថភាពក្នុងការអាន និងការយល់ដឹងអាចរារាំងកុមារមិនឱ្យឈានដល់សក្តានុពលរបស់ពួកគេ នៅពេលកុមារធំឡើង។ នេះអាចមានផលវិបាកផ្នែកអប់រំសង្គម និងសេដ្ឋកិច្ចរយៈពេលវែង។