ការថប់បារម្មណ៏ (Anxiety) ការព្រួយចិត្ត (Worry) និងការតាន់តឹងអារម្មណ៏ (Stress) ក្លាយជាបញ្ហាប្រចាំថ្ងៃរបស់មនុស្សទូទៅក្នុងពេលបច្ចុប្បន្ននេះ ។ ជាធម្មតាអ្នកមានការថប់បារម្មណ៏ឬការតានតឹងអារម្មណ៏មិនមែនសុទ្ធតែចាំបាច់ត្រូវតែរកជំនួយពី អ្នកឯកទេសចិត្តសាស្រ្តនោះទេ ឬក៏មានន័យថាអ្នកមានជំងឺនោះដែរ។ តាមការពិតការថប់បារម្មណ៏គឺជាសញ្ញាណមួយដាស់តឿនអ្នកឲ្យដឹងថាអ្នកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ឬស្ថានភាពលំបាកខាងផ្លូវចិត្ត។ បើមិនមានការថប់បារម្មណ៏ទេនោះ អ្នកក៏ពុំមានសមត្ថភាពប្រមើលមើលពី ស្ថានភាពលំបាកនិងត្រៀមខ្លួនសំរាប់ប្រឈមមុខនិងវានោះដែរ។
ការថប់បារម្មណ៏និងក្លាយជាជំងឺថប់បារម្មណ៏នៅពេលដែលវាមានសភាពរាំរ៉ៃនិងរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់យើងហើយនិងរំខានសម្ថភាពបំពេញការងាររបស់យើងផងដែរ។ អ្នកដែលមានសភាពជំងឺថប់បារម្មណ៏រាំរ៉ៃមានរោគសញ្ញាណដូចខាងក្រោមៈ
- ផ្នែករាងកាយ
- តឹងណែនសាច់ដុំ
- មានសភាពអស់កម្លាំងល្ហិតល្ហៃ
- ខ្សោយការចងចាំ ឬភ្លេចភ្លាំងច្រើន
- បែកញើសបាតដៃ
- មានបញ្ហាក្នុងការគេង
- ញ័របេះដូង ឬជីពចរដើរញាប់
- ដកដង្ហើមខ្លីៗ ដាច់ៗ
- ធ្វើទុក្ខក្រពះ
- ផ្នែកអារម្មណ៍
- អារម្មណ៏ភ័យខ្លាច ឬច្របូកច្របល់
- ពុំមានអារម្មណ៏ស្ងប់
- មានភាពតានតឹង ទុក្ខព្រួយជានិច្ច
- ខ្សោយការផ្ចង់អារម្មណ៏
- មានអារម្មណ៍ភ័យស្លន់ស្លោនៃគ្រោះថ្នាក់ជិតមកដល់
- ព្រួយបារម្មណ៍ខ្លាំងចំពោះបញ្ហាដែលមិនទាន់កើតមាន
សញ្ញាណទាំងនេះគឺ បង្ហាញពីស្ថានភាពធ្ងន់ធ្ងរហើយវាល្មមគ្រប់គ្រាន់ធ្វើឲ្យបុគ្គលនោះ មានអារម្មណ៏មិនសុខស្រួលមិនអាចគ្រប់គ្រងខ្លួនឯងបាន និងមានអារម្មណ៏តែលតោល។